ព័ត៌មានជាតិ
ផ្លូវប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ឃុំចំនួន៤ក្នុងស្រុកបាទី កំពុងត្រូវបានជួសជុលជាផ្លូវកៅស៊ូDBST ដើម្បីបម្រើផលប្រយោជន៍សាធារណៈ
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារជួសជុល និងធ្វើបាតផ្លូវ នៃគម្រោងថែទាំលក្ខណៈប្រចាំលើខ្សែផ្លូវកៅស៊ូពីរជាន់ (DBST) មួយខ្សែ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានដោយផ្ទាល់ លោកប្រធានមន្ទីរ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនទទួលបន្ទុកសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ផ្លូវឱ្យមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

លោក លីវ សំណាង បញ្ជាក់ថា ខ្សែផ្លូវនេះមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវ និងតំបន់ជុំវិញ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូន និងការប្រកបរបរប្រចាំថ្ងៃ។ ជាពិសេស គម្រោងនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីតំបន់ជនបទទៅកាន់ទីផ្សារបានកាន់តែងាយស្រួល រហ័ស និងចំណាយថវិកាតិចជាងមុន។

លោកប្រធានមន្ទីរ ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទ គឺជាកត្តាស្នូលមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គម្រោងផ្លូវអភិវឌ្ឍន៍ជនបទនេះ ជាប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១២,២០០ម៉ែត្រ ឬជាង១២គីឡូម៉ែត្រ និងមានទទឹង ៦ម៉ែត្រ។ ខ្សែផ្លូវនេះ តភ្ជាប់ពីតំបន់អង្គរុន-ច្បារមន ដោយឆ្លងកាត់ឃុំចំនួន៤ ក្នុងស្រុកបាទី រួមមាន ឃុំចំបក់ ឃុំត្រពាំងក្រសាំង ឃុំក្រាំងលាវ និងឃុំកុមារាជា៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


