ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនខេត្តមណ្ឌលគិរី និងរតនគិរីសាងសង់ជិតបញ្ចប់ ១០០% លើផ្លូវព្រំដែនជាង ២៦០ គីឡូម៉ែត្រ
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) បានចេញសេចក្តីប្រកាសព័ត៌មានពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
របាយការណ៍បានបង្ហាញថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរីសម្រេចបាន ១០០% និងខេត្តរតនគិរីសម្រេចបាន ៩១,៤៨%។


របាយការណ៍បានបង្ហាញថា ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច (ក.គ.ម) បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន ៨ កងឯកភាពដោយប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរីមាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២០០ គ្រឿង និងខេត្តរតនគិរីមាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ៨៦ គ្រឿង។
ជាលទ្ធផលក្នុងដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ក្រុមការងារចំពោះកិច្ច (ក.គ.ម) បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែងបានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូងឈូសផ្លូវទទឹង ២០ ម៉ែត្របានប្រវែង ២៥៤,៩០ គីឡូម៉ែត្រ លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង កសាងតួផ្លូវ សម្រេចបានប្រវែង ២៥២,៩០ គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ។
ក្រុមការងារចំពោះកិច្ច (ក.គ.ម) ក៏បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន៖ លូប្រអប់សរុប ចំនួន ៤១ កន្លែង ស្មើនឹង ៣៧១,៧ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទសរុប ៣៥៤ កន្លែង, និងស្ថាបនាសម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់សរុបចំនួន ១២ កន្លែង ស្មើនឹង ២៤០,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្ហៀររក្សាទឹកទុកប្រើប្រាស់សម្រេចស្ថាពរបានចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត្រ និងទំនប់បេតុងបង្ហៀររក្សាទឹកទុកប្រើប្រាស់សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និងស្ថាបនាស្ពានបេតុងសម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។



ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤០ គីឡូម៉ែត្រ លើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។
ក្រុមការងារចំពោះកិច្ច (ក.គ.ម) បានបញ្ជាក់ថា ការកើនឡើងនៃប្រវែងផ្លូវនេះដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្តែងត្រូវបានកែសម្រួល។ ទន្ទឹមនឹងនោះ ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញាក៏បានកើនឡើងពីផ្ទៃដីទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ក្នុងផែនការដែលបានគ្រោងទុកទៅដល់ផ្ទៃដីទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។
នៅចំពោះមុខ ក្រុមការងារចំពោះកិច្ច (ក.គ.ម) កំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេសខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរីដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កការខូចខាតជាយថាហេតុនៅក្នុងរដូវវស្សាខាងមុខ។
ជាមួយគ្នានេះ ក៏នឹងបន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់សិល្បការ្យគ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំងដឹកជញ្ជូនប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរីឱ្យបានទាន់ពេលវេលា មុនរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងជួបលំបាកក្នុងការដឹកជញ្ជូន។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនទទួលបានថវិកាប្រមាណ ២៧ លានដុល្លារ បានមកពីការបរិច្ចាគពីពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស សម្រាប់យកទៅប្រើប្រាស់កសាងផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅខេត្តមណ្ឌលគិរីនិងរតនគិរី។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី និងប្រគល់វិញ្ញាបនបត្រសុក្រឹតការវិជ្ជាជីវៈមេធាវីប្រមាណ ១ ៦៦០ នាក់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តផែនការស្ថាបនាផ្លូវក្រវាត់ព្រំដែនដែលនៅសល់ប្រវែងជាង ១ ៣០០ គីឡូម៉ែត្រ ឲ្យបញ្ចប់រួចរាល់ក្នុងរយៈពេល ១០ ឆ្នាំទៀត។
ប្រមុខរដ្ឋាភិបាលបានអះអាងថា មកដល់ពេលនេះរាជរដ្ឋាភិបាលសម្រេចស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ១ ៣០០ គីឡូម៉ែត្រ នៅក្នុងប្រវែងសរុបជាង ២ ៦៦០ គីឡូម៉ែត្រ ហើយនៅសល់ ១ ៣០០ គីឡូម៉ែត្រទៀត នឹងបញ្ចប់នៅក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ។
ទាក់ទងការអភិវឌ្ឋហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីមូលហេតុនៃការកៀរគរថវិកាពីពលរដ្ឋចូលរួមសាងសង់ផ្លូវក្រវាត់ព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងកិច្ចការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


