ព័ត៌មានជាតិ
៤ខែដើមឆ្នាំមានអ្នករងគ្រោះគ្រាប់មីន២១នាក់ កើនឡើង៥%
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថារយៈពេល៤ខែឆ្នាំ២០២១ នេះមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២១នាក់ មានការកើនឡើងចំនួន៥ភាគរយ។
បើតាមអាជ្ញាធរមីនកម្ពុជាអត្រាគ្រោះថ្នាក់នោះ មានការកើនឡើងមនុស្សចំនួន២នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់ប៉ុណ្ណោះ។

បើទោះបីជាអត្រារងគ្រោះមានការកើនឡើង៥ភាគរយក្តីក៏អាជ្ញាធរមីនកម្ពុជាបានព្រមានថាគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅតែជាឧបសគ្គអាចបំផ្លាញជីវិតមនុស្សគ្រប់ពេលវេលាជាពិសេសនៅតាមអតីតតំបន់សមរភូមិ និងព្រំដែនដែលទាមទារឱ្យបងប្អូនកសិករធ្វើស្រែចម្ការត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាននៅក្នុងភូមិសាស្ត្រដែលត្រូវធ្វើស្រែចម្ការមុននឹងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីននោះ។

ជាងនេះ នៅពេលដែលបងប្អូនបានឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
នៅក្នុងសារចូលរួមអបអរ ទិវាជាតិយល់ដឹងពីគ្រាប់មីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករមន្ត្រី បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងរបួស ដោយសារមីនបានថយចុះពី ៤,៣២០នាក់ នៅក្នុងឆ្នាំ១៩៩២ មកត្រឹមតែ៦៥នាក់ ប៉ុណ្ណោះនៅក្នុង ឆ្នាំ២០២០។

មន្ត្រីជំនាញក៏បានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅលើផ្ទៃដីក្នុងទំហំ២,១៣៨គីឡូម៉ែត្រការ៉េ បើគិតចាប់ពីឆ្នាំ១៩៩២មក គឺមានរយៈពេល២៨ឆ្នាំ។
សម្តេច បានបញ្ជាក់ថា ដីដែលបោសសម្អាត គ្រាប់មីនហើយនោះ គឺបានយកប្រើប្រាស់ក្នុងវិស័យកសិកម្ម សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាងសង់សាលារៀន ផ្ទះ និងមន្ទីរថែទាំសុខភាព ជាដើម សម្រាប់ប្រជាពលរដ្ឋជាង៦លាននាក់។
ជាមួយគ្នានេះដែរ២៨ឆ្នាំកន្លងមកនេះ អាជ្ញាធរមីន ក៏បានរកឃើញ និងដុតបំផ្លាញគ្រាប់មីនអស់ជាង១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង២,៥ម៉ឺនគ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជិត៣លានគ្រាប់ផ្សេងទៀត។

ចាប់ពីឆ្នាំ១៩៧៩ ដល់ ២០២០ នៅកម្ពុជាមានប្រជាពលរដ្ឋជិត២ម៉ឺននាក់បានស្លាប់ និងរងរបួសដោយពិការដាច់ដៃជើងជាង ៤,៥ម៉ឺននាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។
កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដីដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” ហើយដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិការបោះសម្អាតផ្ទៃដីមីនទាំងនេះ កម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ