ព័ត៌មានជាតិ
ទស្សនៈរបស់បុរសនៅ ភូមិត្រពាំងកំណប់ ចំពោះស្ត្រីដែលបានទទួលសេវារំលូត
ការមានកូនញឹកញាប់ ការមានកូនដោយចៃដន្យ បញ្ហាសុខភាព មរណភាពរបស់មាតា និងស្ត្រីដែលទទួលសេវារំលូតដោយគ្មានសុវត្ថិភាព ក៏នៅជាបញ្ហាចោទចម្បងនាបច្ចុប្បន្ននេះ។
បញ្ហាប្រឈមទាំងនេះ បានធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ស្ថានភាពគ្រួសារជាចម្បង ដែលធ្វើឲ្យទស្សនៈរបស់បុរសៗនៅភូមិត្រពាំងកំណប់ ស្រុកអង្គរជ័យ ខេត្តកំពត បានផ្លាស់ប្តូរឥរិយាបថ និងគាំទ្រដល់ស្ត្រីក្នុងការទទួលសេវារំលូត ព្រោះការទទួលសេវារំលូតដោយសុវត្ថិភាពបានចូលរួមការកាត់បន្ថយអត្រាមរណៈរបស់មាតា ធ្វើឲ្យស្ត្រីមានកូនរង្វើល មានពេលវេលាគ្រប់គ្រាន់ក្នុងការថែរក្សាសុខភាពរបស់ខ្លួន មានពេលវេលាគ្រប់គ្រាន់ក្នុងមើលថែរក្សាបុត្រធីតា មានពេលរកប្រាក់ចំណូលដើម្បីបង្កើនជីវភាពឲ្យបានធូរធារ ហើយជួយអប់រំបុត្រធីតាបានរៀនសូត្រ និងមានផែនការគ្រួសារច្បាស់លាស់កុំឲ្យមានកូនដោយចៃដន្យថែមទៀត។
លោក យ៉ុង ធឿង ក្នុងវ័យ៦៥ឆ្នាំបានមានប្រសាសន៍ថា ខ្ញុំសូមគាំទ្រចំពោះស្ត្រីដែលចង់ទទួលសេវារំលូតដោយសុវត្ថិភាព ព្រោះខ្ញុំឃើញ មានផលវិបាកជាច្រើនចំពោះសុខភាពរបស់ស្ត្រីដែលមានកូនច្រើន (រហូតដល់ទៅ៧ទៅ៨ នាក់ ឬរហូតដល់១២នាក់) ឯស្ថានភាពគ្រួសាររបស់គាត់ក៏មានសភាពលំបាកលំបិនណាស់ដែរ។ បើធៀបជាមួយអ្នកដែលមានរង្វិល ឬកូនតិច (២ឬ៣នាក់) បែរជាមានជីវភាពធូរធារជាង ហើយក៏មានពេលវេលាច្រើនសម្រាប់ការរកស៊ីចិញ្ចឹមជីវិត មានសមត្ថភាពឲ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់ទៀតផង ហើយមានពេលបំប៉នសុខភាពរបស់គាត់ទៀត។ ដូច្នេះហើយ ខ្ញុំសូមគាំទ្រជានិច្ច បើស្ត្រីណាដែលមិនចង់មានកូនច្រើន និងមិនបានកូនដោយចៃដន្យ ឲ្យទៅរកសេវារំលូតដោយសុវត្ថិភាព ឬទៅពិភាក្សានៅមណ្ឌលសុខភាពជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងអាចប្រឹក្សាការប្រើប្រាស់មធ្យោបាយពន្យារកំណើតដើម្បីការពារកូនដែលមិនចង់បាន។ លោកក៏បញ្ជាក់បន្ថែមទៀតថា ឥឡូវនេះ វេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលក៏មានការរីកចម្រើន ដូច្នេះគ្មានរឿងអ្វីគួរឱ្យបារម្ភ ឬព្រួយបារម្ភឡើយ ។


ដោយឡែក លោក ង៉ែត សុខនដែលអង្គុយស្តាប់ការផ្សព្វផ្សាយអប់រំរបស់បុគ្គលិកអង្គការ(រ៉ាក់) ពាក់ព័ន្ធទៅលើការរំលូតដោយសុវត្ថិភាព លោកមានប្រសាសន៍ឲ្យដឹងថា លោកមានការគាំទ្ររាល់ការរំលូតរបស់ស្ត្រី។ លោកក៏ផ្តល់បទពិសោធន៍របស់ខ្លួនថា ថ្ងៃមួយខ្ញុំបានរត់ម៉ូតូឌុបនៅក្បែរភូមិ (ភូមិត្រពាំងកំណត់) ដូចសព្វដង ហើយមានស្ត្រីម្នាក់មានផ្ទៃពោះប្រហែល២ខែ បានមករកខ្ញុំឲ្យជួយជូននាងទៅរកសេវារំលូតនៅមណ្ឌលសុខភាព ដោយសារសុខភាពនាងខ្សោយ និងមានជំងឺប្រចាំកាយមិនឈប់ឈរ។ ជុំវិញរឿងនេះ លោកក៏បានសាកសួរបញ្ជាក់ទៅប្ដីរបស់ស្ត្រីនោះ ហើយការសម្រេចចិត្តនេះកើតឡើយដោយការពិភាក្សារបស់អ្នកទាំង២នាក់បានព្រមព្រៀងគ្នា។ ហេតុនេះហើយ ទើបខ្ញុំហ៊ានជូននាងទៅមណ្ឌលសុខភាព ដែលមានគ្រូពេទ្យជំនាញនៃការរំលូត។ លោកក៏មានប្រសាសន៍ថែមថា ការសម្រេចចិត្តរបស់នាងគឺជាជម្រើសល្អបំផុត ព្រោះវ័យរបស់នាងក៏នៅក្មេង បើសិនជាទុកកូននោះ នាងនឹងអាចជួបហានិភ័យ និងមានផលប៉ះពាល់មួយចំនួនដល់សុខភាពជាមិនខាន។ ការសម្រេចចិត្តពេលនេះ បានជួយនាងមានពេលវេលាគ្រប់គ្រាន់ក្នុងការព្យាបាល និងថែរក្សាសុខភាព ព្រមទាំងអាចមានពេលវេលារកស៊ី ដើម្បីបង្កើនប្រក់ចំណូលក្នុងគ្រួសារ និងអាចធ្វើផែនការក្នុងការចង់បានកូន។


អ្នកស្រី អ៉ិន ងេន ជាស្ត្រីបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារនៃសមាជិកក្រុមប្រឹក្សាឃុំ បានរៀបរាប់ថា ក្នុងឃុំដំបូកខ្ពស់នេះ ទាក់ទងទៅនឹងសេវារំលូត មានស្ត្រីប្រហែល៨៥ភាគរយ តាំងពីមានការចុះផ្សព្វផ្សាយរបស់មូលនិធិ (ដើមត្នោត) រហូតដល់អង្គការរ៉ាក់ បានចុះផ្សព្វផ្សាយអប់រំពីសុខភាពស្ត្រីមកឃើញថា ស្ត្រីនៅក្នុងភូមិនេះបានជ្រួតជ្រាប យល់ដឹងច្រើន ចំណែកឯបុរសៗដែលជាប្តីវិញ ក៏មានការផ្លាស់ប្តូរទស្សនៈ និងបានចាប់ផ្តើមលើកទឹកចិត្តដល់ស្ត្រីដែលទៅទទួលសេវារំលូតដោយសុវត្ថិភាព។ អ្នកស្រីបញ្ជាក់ទៀតថា រាល់ការមាក់ងាយទៅលើស្ត្រីវិញ ក៏ត្រូវបានកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗ និងយើងក៏បានផ្លាស់ប្ដូរនៃការប្រើពាក្យការយកកូនចេញមកប្រើពាក្យថា ទៅទទួលសេវារំលូតនៅមណ្ឌលសុខភាពវិញ។
ចំណែកលោក ជួន សារ៉នជាអ្នកស្ម័គ្រចិត្តសុខភាព និងជាមេភូមិត្រពាំងកំណប់ បាន រំលឹកឲ្យដឹងថា ក្នុងនាមខ្ញុំជាអ្នកស្ម័គ្រចិត្តភូមិនៅមណ្ឌលសុខភាពដំបូកខ្ពស់ សូមលើកទឹកចិត្តដល់ស្ត្រីៗក្រោយការរំលូត ឬស្ត្រីមិនចង់បានកូនដោយចៃដន្យទៅពិភាក្សាជាមួយពេទ្យក្នុងការទទួលសេវាពន្យារកំណើត ព្រោះវាជាមធ្យោបាយល្អក្នុងការជួយរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រ និងបន្ថយផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រី។ ការពន្យារកំណើតនេះ អាចឲ្យគាត់មានពេលវេលាច្រើនក្នុងការរកស៊ីចិញ្ចឹមជីវិត និងការចិញ្ចឹមបីបាច់បុត្រ ធីតា ឲ្យបានទទួលការអប់រំបានខ្ពង់ខ្ពស់ទៅថ្ងៃអនាគតទៀតផង៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី