ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមអ្នកនាំចូល និងលក់ចែកចាយខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ
នគរបាលនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធបទល្មើសនាំចូល និងលក់ចែកចាយផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ទារកដែលប្រើប្រាស់ ។

សមត្ថកិច្ចដែលចុះប្រតិបត្តិការបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ ឆ ឡៃហ៊ុយ ភេទប្រុស ជាម្ចាស់ទីតាំងស្តុក និងលក់ចែកចាយផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ទិត្យ ពីរ៉េវ ភេទប្រុស រស់នៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាអ្នកនាំចូលផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយមកពីប្រទេសចិន និងលក់បន្ដឲ្យឈ្មោះ ឆ ឡៃហ៊ុយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូបច្បាប់។

កម្លាំងជំនាញនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបកន្លែងស្តុកទុកខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយនេះចំនួន៥៧៩ កេស។ នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ជាអ្នកស្តុក និងចែកចាយផលិតផល ខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ បានសារភាពថា ក្រៅពីផ្ទះដែលខ្លួនកំពុងរស់នៅនេះ ខ្លួនបានស្តុកឥវ៉ាន់ខាងលើ នៅផ្ទះលេខ៤១E0 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញផងដែរ។ ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ បានបន្ដថា ខ្លួនបានផ្សំគំនិតទិញទំនិញនេះ ពីជនសង្ស័យឈ្មោះ ទិត្យ ពីរ៉េវ ។

ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយនេះ ក្រុមហ៊ុន វិន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជាម្ចាស់ម៉ាក Unidry ស្របច្បាប់ បានស្នើឲ្យតុលាការចាត់វិធានការច្បាប់លើក្រុមជនសង្ស័យឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះពួកគេបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងជាពិសេសបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ថែមទៀតផង។
លោក ហេង សុផារិទ្ធ មេធាវីតំណាងឲ្យក្រុមហ៊ុនម្ចាស់សិទ្ធិ ក៏កំពុងត្រៀមរៀបចំសំណុំឯកសារដាក់ទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកិម្ម ដើម្បីឲ្យសាធារណៈជនដែលបានប្រើប្រាស់ផលិតផលក្លែងក្លាយសម្រាប់កូនៗ ដោយមិនដឹងខ្លួន និងធ្វើកូនៗរបស់លោកអ្នកទទួលរងផលប៉ះពាល់នោះ សាធារណៈជនអាចដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងពីក្រុមជនសង្ស័យ ឲ្យសមស្របតាមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩។

ក្រុមហ៊ុន វិន ស៊ុន ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាផលិតផលខោទឹកនោមម៉ាក «Unidry» សូមអំពាវនាវដល់អតិថិជនទាំងអស់ សូមមេត្តាពិនិត្យឲ្យបានច្បាស់លាស់មុននឹងទិញផលិតផលខាងលើនេះ ដើម្បីចៀសផុតពីផលិតផលក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពកូនរបស់លោកអ្នក៕
អត្ថបទ ៖ មករា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?