លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ២៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនោះ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញហើយ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី លី ស្រីវីណា គឺជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ លោកស្រីជាសមាជិកគណៈកម្មាធិការនាយក និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ហើយលោកស្រីស្ថិតនៅក្នុងលេខរៀងទី២៦ នៃថ្នាក់ដឹកនាំ នៃអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ។
យោងតាមលិខិតដែលលោកស្រីដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា លោកស្រី គឺជាអតីតតំណាងរាស្ត្រ និងជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។ លោកស្រីបន្តថា ដោយផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយ បានធ្វើសកម្មភាពនយោបាយឡើងវិញ លោកស្រីស្នើសុំសម្ដេចក្រឡាហោម ស ខេង ដើម្បីផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយក្តីអនុគ្រោះ។
ចំណែកលិខិតសរសេរដោយដៃផ្ទាល់គោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី វី ស្រីវីណា ដើម្បីសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាលោកស្រីបានសរសេរថា លោកស្រីចងចាំមិនភ្លេចនូវគុណូបការៈរបស់សម្តេច ដែលបានបញ្ជូនលោកស្រីទៅសិក្សានៅបរទេសក្នុងឆ្នាំ១៩៨៩។
លោកស្រីបានខិតខំប្រឹងប្រែងរៀនសូត្រអស់ពីសមត្ថភាព ហើយរហូតមកទល់ពេលនេះ លោកស្រីនៅតែបន្តការខិតខំប្រឹងប្រែងរៀនសូត្រឈប់ឈរ។ ជាកិច្ចតបស្នងនូវមហាគុណនេះ លោកស្រីចង់យកចំណេះដឹងរបស់លោកស្រីទៅចូលរួមលើកកម្ពស់សេវាសុខាភិបាលឲ្យកាន់តែប្រសើរឡើងតាមគោលនយោបាយឈ្នះឈ្នះដ៏ត្រឹមត្រូវ និងភ្លឺស្វាងក្នុងសន្តិភាពរបស់សម្តេច ដែលសម្តេចបានខំកសាង និងការពារ រហូតមកដល់ពេលនេះ។
លោកស្រីបញ្ជាក់ថា “ដោយសព្វថ្ងៃនេះ នាងខ្ញុំមិនមែនជាសមាជិកគណបក្សនយោបាយណាទាំងអស់ និងដោយបានឃើញមនុស្សមួយចំនួនដែលបាននឹងកំពុងវាយប្រហារដល់សម្តេចដោយអយុត្តិធម៌ទាំងនៅក្នុង និងក្រៅប្រទេស ដែលនាងខ្ញុំមិនពេញចិត្ត ដូច្នេះនាងខ្ញុំស្ម័គ្រចិត្តចូលរួមកសាងប្រទេស និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់សម្តេចរហូតទៅដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ សូមសម្តេចមេត្តាទទួលនាងខ្ញុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយក្តីអនុគ្រោះ”។
សូមបញ្ជាក់ថា ចំពោះការស្នើសុំនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចារយល់ព្រមលើលិខិតរបស់លោកស្រី លី ស្រីវីណា រួចហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ