ទ្រី សុផានិត បងស្រីរបស់អ្នកលក់ឡេ ទ្រី ដាណា ត្រូវសមត្ថកិច្ច​ចាប់ខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ទ្រី សុផានិត បងស្រីរបស់អ្នកលក់ឡេ ទ្រី ដាណា ត្រូវសមត្ថកិច្ច​ចាប់ខ្លួន

Published

on

អ្នកលក់ផលិតផលតាមអនឡាញឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដែលត្រូវជាបងស្រីរបស់អ្នកលក់ផលិតផល ទ្រី ដាណា ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០​២០​នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

ដីកាបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។

ជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម