ព័ត៌មានជាតិ
ក្រសួងការងារណែនាំដល់ថៅកែរោងចក្រធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទនិងអត្តសញ្ញាណកម្មករនិយោជិតជាបន្ទាន់
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បងប្អូនកម្មករនិយោជិតដែលមាននៅក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែមីនា ឆ្នាំ២០២១ជាបន្ទាន់ដើម្បីឲ្យក្រសួងរៀបចំជំនួយសង្គមជាសាច់ប្រាក់ជួយដល់កម្មករនិយោជិតឲ្យបានទាន់ពេលវេលា។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែឧសភានេះ ដោយណែនាំដល់ម្ចាស់រោងចក្រត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាកប្រចាំរោងចក្រ និងស្គេនបញ្ជីឈ្មោះដែលបោះត្រានៅគ្រប់ទំព័រជាភីឌីអេហ្វ មកប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងឲ្យបានមុនថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីធានាបាននូវការទទួលខុសត្រូវ និងតម្លាភាពនៃការធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ម្ចាស់ ឬនាយករោងចក្រត្រូវចាត់ចែងជាលាយលក្ខណ៍អក្សរប្រគល់ភារកិច្ចឲ្យប្រធានក្រុម ឬប្រធានផ្នែកជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរបស់ខ្លួនសហការផ្ទៀងផ្ទាត់លេខទូរសព្ទ និងលេខអត្តសញ្ញាណប័ណ្ណរបស់ខ្លួនឡើងវិញ។ បង្រៀនប្រតិភូបុគ្គលិក និងប្រធានផ្នែកឲ្យជួយប្រាប់ ឬអានលេខទូរស័ព្ទនិងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់បងប្អូនកម្មករនិយោជិត ដែលមិនចេះអក្សរនិងសរសេរអក្សរដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះនិងលេខទូរស័ព្ទ។
ទន្ទឹមនឹងនេះ ត្រូវផ្ញើឈ្មោះកម្មករនិយោជិតដែលមានវិជ្ជមានកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយដោយមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលព្យាបាលកូវីដ១៩មកប្រព័ន្ធឃ្លាំមើលករណីកូវីដ១៩តាមរោងចក្រសហគ្រាសរបស់ក្រសួងការងារ ដែលនឹងដាក់ឲ្យដំណើរការនៅក្នុងសប្តាហ៍ទីមួយ នៃខែមិថុនា ឆ្នាំ២០២១ នេះ។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ប្រសិនជាកម្មករនិយោជិតណាម្នាក់ខកខានមិនទទួលបានជំនួយសង្គមជាសាច់ប្រាក់ តែការខកខាននេះ គឺបណ្ដាលមកពីកំហុសរបស់និយោជក នោះម្ចាស់ឬនាយករោងចក្រត្រូវទទួលខុសត្រូវក្នុងការផ្ដល់ជំនួយសង្គមសាច់ប្រាក់ជូនទៅកម្មករនិយោជិតដោយខ្លួនឯង។ បន្ថែមពីនេះក៏អាចត្រូវទទួលពិន័យតាមច្បាប់ស្តីពីការងារនិងច្បាប់ជាធរមានផ្សេងទៀតផងដែរ»។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់បងប្អូនកម្មករនិយោជិតត្រូវផ្ដល់លេខទូរស័ព្ទអ្នកណាអាចទំនាក់ទំនងបានចំនួន១ខ្សែទៅអ្នកទទួលខុសត្រូវរដ្ឋបាលរោងចក្ររបស់ខ្លួន ដើម្បីឲ្យអ្នកទទួលបន្ទុករដ្ឋបាលធ្វើបច្ចុប្បន្នភាពតារាងបញ្ជីឈ្មោះមកក្រសួងឲ្យបានមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១និងត្រូវរក្សាលេខទូរស័ព្ទដែលបានផ្ដល់ឱ្យរោងចក្រជាដាច់ខាតរហូតដល់ពីជំងឺកូវីដ១៩ត្រូវបានបញ្ចប់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើបងប្អូនកម្មកនិយោជិតណាម្នាក់ខកខាន ឬមិនបានផ្ដល់លេខទូរស័ព្ទទំនាក់ទំនងបច្ចុប្បន្ន និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅឲ្យអ្នកទទួលខុសត្រូវរដ្ឋបាលរោងចក្ររបស់ខ្លួនតាមការកំណត់ នោះបងប្អូនកម្មករនិយោជិតនោះត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការខកខានមិនទទួលបានជំនួយសង្គមជាសាច់ប្រាក់នេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាបនិងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះក៏មានការផ្តល់ឧបត្ថម្ភដល់កម្មករនិយោជិតផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ