ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងបានថ្លែងនូវការផ្តល់គោលការណ៍៣សំខាន់ៗដើម្បីបញ្ចៀសជំងឺកូវីដ១៩ព្រោះវាមិនដែលភ្លេចយើងឡើយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់នូវគោលការណ៍មានសារៈសំខាន់បែបនេះខណៈពេលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ តាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេចតេជោ។
ក្នុងនាមសម្តេចតេជោហ៊ុន សែន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា ជំងឺរាតត្បាតកូវឹដ ១៩នេះគឺជាជំងឺដ៏កាចសាហាវដែលកំពុងតែសម្លាប់អាយុជីវិតមនុស្សលើពិភពលោកជិត១លាន២សែនហើយអ្នកឆ្លងជាង៦០លាននាក់។ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដាច់ខាតត្រូវតែបន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន ថ្លែងអំណរគុណចំពោះ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង លើពិភពលោក រួមនឹងកម្ពុជាផងដែរ ហើយក៏ពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសទៅមុខទៀត។
សូមបញ្ជាក់ថា នាឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០០គ្រួសារនោះលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ១.០២០គ្រួសារ រួមមាន ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ផងដែរ៕
ដោយ ៖ វិមាន