Connect with us

ព័ត៌មានជាតិ

សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង ត្រូវ​ក្រុម​អភិរក្ស​ថត​បាន ខណៈ​ពួកវា​កំពុង​ស្វែងរក​ចំណី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​

បានផុស

នៅ

សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង​ មាន​ចំនួន​៦​ក្បាល ​ត្រូវបាន​ក្រុម​អភិរក្ស​ថត​បាន ខណៈ​ពួកវា​កំពុងតែ​ស្វែងរក​ចំណី​យ៉ាង​សុខសាន្ត​ក្នុង​ទីជម្រក​ធម្មជាតិ​ នៃ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី ដែល​ជា​តំបន់​ការពារ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងបរិស្ថាន តែ​ដោយសារ​ភាព​វៃឆ្លាត និង​មាន​ញាណ​ដឹង​តាមរយៈ​ក្លិន​ថា មាន​វត្តមាន​មនុស្ស សត្វ​ដំរី​ព្រៃ​ទាំងនេះ បាន​ផ្អើល​ ហើយក៏​​ត្រឡប់​ក្រោយ​ចូល​ទីជម្រក​សុវត្ថិភាព​វិញ​។

​បើ​តាម​ក្រសួងបរិស្ថាន ក្រុម​អ្នកស្រាវជ្រាវ និង​តាមដាន​សត្វព្រៃ អាច​ផ្តិត​យក​នូវ​វីដេអូ​ខ្លី​មួយ​នេះ​បាន ដោយមាន​ការ​ព្យាយាម និង​អត់ធ្មត់​ខ្លាំង ព្រោះ​ត្រូវ​សម្ងំ​លើ​ដើមឈើ​ក្នុង​ការ​ថត ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

បន្ថែម​ពី​នោះ សត្វ​ដំរី​អាស៊ី ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​។ នៅ​កម្ពុជា ​សត្វ​ដំរី​អាស៊ី​ កំពុង​ទទួលរង​ការ​គំរាមកំហែង​ដោយ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ការ​ជួញដូរ​ភ្លុក និង​ស្បែក និង​ការបាត់បង់​ទីជម្រក​។​

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​ នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​នៅ​ឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ប៉ុន្តែ​ លោក នេត្រ ភក្ត្រា ធ្លាប់​បាន​បញ្ជាក់ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល ​ភាគ​ច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​កើត​ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​តំបន់​ជីវចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយ​ផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​៧១​ក្បាល​។​

​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ក្នុង​រយៈពេល​៦០ ទៅ​៧០​ឆ្នាំ​ ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា​៥០​ភាគរយ។ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់​បង់​អស់​ជិត​៩០​ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី​ ៣៩ ៤៦៣ ក្បាល ​ទៅ ​៤៧ ៤២៧ ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល​៧៥​ភាគរយ រស់នៅក្នុង​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។

ដំរី​អាស៊ី ​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់ ដោយសារ​មាន​សារៈសំខាន់​ផ្នែក​វប្ប​ធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្ដានុពល ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ​ក្នុង​ដែន​ជម្រក​របស់​វា​។​

​ដំរី​អាស៊ី​ កំពុងតែ​ទទួលរង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​លើ​សកលលោក ហើយ​ត្រូវបាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រេចរឹល​ទីជម្រក​ បាន​ធ្វើ​ឲ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពី​គ្នា និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​សត្វ​ដ៏​សំខាន់​នេះ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៧ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤៥ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៨ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម