ព័ត៌មានជាតិ
លោក ប៉ុល ហំម ៖ ខ្ញុំធ្វើអ្វីៗតាមឧត្តមគតិរបស់ខ្ញុំ ! គេនឹងរិះគន់ នៅពេលយើងធ្វើអ្វីមួយមិនស្របតាមអ្វីដែលគេចង់បាន
អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម លោកធ្វើអ្វីៗទៅតាមឧត្តមគតិរបស់លោក មិនខ្វល់ពីការលើកឡើងរបស់អ្នកដទៃទេ ពីព្រោះនៅពេលដែលយើងធ្វើអ្វីមួយ តែងតែមានការរិះគន់ហើយ នៅពេលដែលយើងធ្វើអ្វីមួយ មិនស្របទៅតាមគំនិតដែលគេចង់បាន។

លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់សមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងារខេត្តសៀមរាប ហើយជាមេធាវីការពារក្តីឲ្យលោក កឹម សុខា ផងនោះ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី២០ ខែឧសភា។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ប៉ុល ហំម បានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទយ៉ាងដូច្នេះថា “ខ្ញុំធ្វើអ្វីៗសម្រេចតាមឧត្តមគតិរបស់ខ្ញុំ កន្លងមកខ្ញុំធ្វើអ្វីៗក្នុងក្របខ័ណ្ឌគណបក្សនយោបាយ ស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះខ្ញុំម្នាក់ ក៏បានចូលរួមធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះផងដែរ”។ លោកថា កន្លងមកតាំងពីរំលាយគណបក្ស មានរយៈពេល៣ ឆ្នាំកន្លះគត់ គិតមកដល់ថ្ងៃដែលលោកបានចុះហត្ថលេខាស្នើសុំសិទ្ធធ្វើនយោបាយ ដាក់ទៅក្រសួងមហាផ្ទៃ គឺមានរយៈពេល៣ ឆ្នាំ៦ ខែគត់ ដែលពេលវេលានេះគ្រប់គ្រាន់ហើយសម្រាប់លោកនៅស្ងៀម លោកនៅស្រុកខ្មែរ មិនអាចធ្វើអ្វីឲ្យខុសទៅនឹងច្បាប់ ទៅនឹងរដ្ឋធម្មនុញ្ញ នៅក្នុងសង្គមមួយដែលលោកកំពុងរស់នៅនោះទេ។
លោក ប៉ុល ហំម អះអាងថា នៅសល់តែមួយឆ្នាំប៉ុណ្ណោះ ត្រូវដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុន្តែលោកអត់មានឃើញអតីតថ្នាក់ដឹកនាំណាម្នាក់ធ្វើអី ហើយឃើញមានតែគណបក្សតូចៗមួយចំនួនដែលលោកគិតថា មានការលំបាកទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះលោកគិតថា ក្នុងនាមជាអតីតថ្នាក់ដឹកម្នាក់ដែរ លោកត្រូវតែធ្វើអ្វីមួយនៅក្នុងការបោះឆ្នោតនោះ។
បើតាមលោក ប៉ុល ហំម នៅពេលដែលមានការធ្វើអ្វីមួយ តែងតែមានការរិះគន់ហើយ នៅពេលដែលយើងធ្វើអ្វីមួយមិនស្របទៅតាមគំនិតដែលគេចង់បាន។ លោកថា របៀបធ្វើការនៃអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិមាន៣របៀប គឺគេចេញទៅក្រៅប្រទេស ហើយគេធ្វើការតាមគំនិតរបស់គេ ដូចជាគេទាក់ទងជាមួយអ្នកការទូត និងធ្វើការរិះគន់គណបក្សកាន់អំណាចជាដើម ហើយគំនិតទាំងអស់នេះ លោកមិនដែលប្រឆាំងគេទេ ប៉ុន្តែលោកក៏មិនអាចគាំទ្រទេ ពីព្រោះលោកនៅក្នុងស្រុក ហើយថ្នាក់ដឹកនាំមួយចំនួនថា មិនត្រូវធ្វើអ្វីទេ ត្រូវរង់ចាំលទ្ធផលអន្តរាគមន៍របស់សហគមន៍អន្តរជាតិ។
លោក ប៉ុល ហំម លើកឡើងទៀតថា នៅតែមួយឆ្នាំទេ ដល់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះរបៀបលោកធ្វើការ លោកមិនអាចធ្វើអ្វីផ្ទុយពីគំនិតខ្លួនឯងទេ ពីព្រោះលោកយល់ថា ប្រជាធិបតេយ្យនៅស្រុកខ្មែរ ទោះបីអនុវត្តបាន១០០ ភាគរយ ឬមានការខ្វះចន្លោះយ៉ាងណា គឺជាលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ខ្មែរគ្រប់រូប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលពេលនោះលោកស្ថិតនៅក្នុងភាគី១ដែរគឺ ភាគីរណសិរ្សរំដោះជាតិខ្មែរ ដែលលោកបានចូលរួមតាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ដែលមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
លោកថា លោកសប្បាយចិត្តណាស់ ដែលអាចធ្វើបានរដ្ឋធម្មនុញ្ញមួយ ដែលមានលក្ខណៈសេរីពហុបក្ស ដែលអ្នកខ្លះគេតែងនិយាយថា ប្រជាធិបតេយ្យក្លែងក្លាយ ប៉ុន្តែសម្រាប់លោកយល់ថា វាមិនទាន់មានប្រទេសណាមួយ ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបាន១០០ភាគរយនោះទេ ដូច្នេះលោកត្រូវតែរិះរកមធ្យោបាយ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ ហើយបើលោកមានកម្លាំងពលំគ្រប់គ្រាន់ អាចធ្វើនយោបាយតទៅទៀត លោកនឹងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ទៀត។
លោក ប៉ុល ហំម បញ្ជាក់ដែរថា ការដែលលោកចេញមកធ្វើនយោបាយនាពេលនេះ គឺលោកមិនមានគំនិតបង្កើតគណបក្សនយោបាយខ្លួនឯងនោះទេ ប៉ុន្តែលោកបានមើលឃើញគណបក្សមួយ គឺគណបក្សលោក អ៊ូ ច័ន្ទរ័ត្ន ពីព្រោះគណបក្សនេះមានអ្នកគាំទ្រច្រើន ដែលជាអតីតមេដឹកនាំ និងអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ។ តែជាទស្សនៈរបស់លោក លោកមិនចង់ឲ្យគណបក្សនេះ នៅជាគណបក្សតូចមួយនោះទេ គឺចង់ឲ្យមានការរួបរួមគ្នាឲ្យធំឡើង ហើយលោកបានអំពាវនាវដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលចេញមកធ្វើនយោបាយនេះធ្វើការរូបរួមគ្នា ឲ្យក្លាយទៅជាគណបក្សប្រឆាំងដ៏ធំមួយ។
សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវបានលោក សម រង្ស៊ី លោកស្រី មូរ សុកហួរ និងលោក អេង ឆៃអ៊ាង និងមនុស្សមួយចំនួនទៀត ដែលក្រុមស្ម័គ្រស្មោះជាមួយលោក សម រង្ស៊ី ចាត់ទុកថា ជាមនុស្សក្បត់បក្ស ហើយដែលមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៤នាក់ហើយ បានក្លាយជាមនុស្សក្បត់បក្ស ដោយគ្រានតែសុំសិទ្ធិធ្វើនយោបាយ៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?