ព័ត៌មានជាតិ
កម្ពុជា-សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្កើនលំហូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀង
នេះជាការលើកឡើងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈលោកធ្វើជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ ប្រព័ន្ធវីដេអូ។
តាមលទ្ធផលនៃកិច្ចប្រជុំបានឲ្យដឹងថា ឆ្នាំនេះ គឺជាខួបលើកទី៤៣ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំអាស៊ានបានសម្តែងការអបអរសាទរចំពោះការបោះឆ្នោតទូទៅដោយជោគជ័យនៅសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ និងបានសម្តែងនូវបំណង ដើម្បីធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត។ កិច្ចប្រជុំបានកត់សម្គាល់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក រួមមានតាមរយៈការអនុវត្តពេញលេញនូវផែនការការងារ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- សហរដ្ឋអាមេរិក (២០១៦-២០២០) និងការអនុម័តផែនការការងារថ្មី (២០២១-២០២៥)។
ថ្នាក់ដឹកនាំអាស៊ាន បានកោតសរសើរការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងពហុភាគីនិយម បូករួមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចសប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំបានកោតសរសើរចំពោះការងាររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) ក្នុងការលើកស្ទួយទំនាក់ទំនងកាន់តែរឹងមាំថែមទៀត រវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។ ថ្នាក់ដឹកនាំមានជំហររួមអំពីសារៈសំខាន់នៃកិច្ចសហការ ដើម្បីធ្វើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ានមួយដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល តាមរយៈកម្មវិធីអប់រំ ការកសាងសមត្ថភាព និងកម្មវិធីអភិវឌ្ឍនានា។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមអាស៊ាន-អាមេរិក ស្តីពីការអភិវឌ្ឍធនធានមនុស្ស។
ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ និងបានអំពាវនាវឲ្យមានកិច្ចសហការច្រើនថែមទៀត ពីសហរដ្ឋអាមេរិក ក្នុងការកសាងសមត្ថភាពសហគ្រិនវ័យក្មេង ដើម្បីឲ្ឪយពួកគេវិវត្តរីកចម្រើន និងមានវិបុលភាព នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចសហការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកម្មវិធីអប់រំឌីជីថល។
កម្ពុជាបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនលំហូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត តាមរយៈការអនុវត្ត “កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក ២០២០-២០២១”។ កម្ពុជាបានលើកទឹកចិត្តសហគមន៍ធុរកិច្ចអាមេរិកឱ្យពង្រីក ការវិនិយោគរបស់ពួកគេនៅក្នុងតំបន់អាស៊ាន៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ