ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ សម្រេចលុប និងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុប និងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧ មិនឲ្យធ្វើអាជីវកម្ម ជាបន្តទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការសម្រេចចិត្តលុប និងព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនទាំង១៧នោះ ដោយពិនិត្យឃើញថាមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួន គេចវេះ មិនបង់ចំណូលចូលរដ្ឋជាច្រើនឆ្នាំ មិនមានប្រតិបត្តិការ ឯខ្លះទៀត លាក់ចំណូលរបស់ខ្លួន។
បើតាមក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា «មុននឹងសម្រេចលុប និងព្យួរអាជ្ញាប័ណ្ណ ក្រសួង បានចាត់ក្រុមការងារអធិការកិច្ចចុះពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន។
ក្នុងនោះ ដោយប្រមូលព័ត៌មាន អំពីស្ថានភាពដំណើរការអាជីវកម្ម ស្ថានភាពបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ ទើបក្រសួង បានសម្រេចលុប និងព្យួរអាជ្ញាប័ណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន ដោយសារភាពអសកម្មដូចជា មិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើស្វ័យប្រកាសបង់ចំណូល និងកាតព្វកិច្ចផ្សេងតាមលក្ខខណ្ឌ នៃអាជ្ញាប័ណ្ណ និងពុំបានផ្ដល់ឯកសារបច្ចេកទេសជាដើម»។
យ៉ាងណាក៏ដោយ ក្រសួង បានណែនាំឲ្យប្រតិបត្តិករដែលត្រូវបានលុបអាជ្ញាប័ណ្ណ ត្រូវមកទូទាត់បំណុលដែលជំពាក់ក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា និងបំណុលរដ្ឋឯកជន កាតព្វកិច្ចពន្ធដារ។ បន្ថែមពីនោះ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន តតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុ ពាក់ព័ន្ធនឹងការលុបអាជ្ញាប័ណ្ណនេះ។
ក្រសួង បានក្រើនរំលឹកថា កន្លងមក ក្រសួង បានចេញជាសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ឲ្យគោរពតាមច្បាប់ ស្ដីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិ ពាក់ព័ន្ធជាធរមាន។ ប៉ុន្តែ ក្រសួង ឃើញថា មានប្រតិបត្តិករមួយចំនួន នៅតែមិនអនុវត្ត ឬមិនទាន់បានអនុវត្តពេញលេញតាមច្បាប់ ឬលក្ខខណ្ឌ នៃអាជ្ញាប័ណ្ណ។ ដូច្នេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេះ មិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌ នៃអាជ្ញាប័ណ្ណ ប្រតិបត្តិករទាំងនោះ នឹងប្រឈមការព្យួរអាជ្ញាប័ណ្ណជាបណ្ដោះអាសន្ន ឬលុបអាជ្ញាប័ណ្ណលែងឲ្យធ្វើអាជីវកម្មជាបន្តទៀត។
គួរបញ្ជាក់ថា ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧ក្រុមហ៊ុននោះ មាន១៦ក្រុមហ៊ុន ត្រូវបានលុបអាជ្ញាប័ណ្ណ និងក្រុមហ៊ុន១ទៀត ព្យួរអាជ្ញាប័ណ្ណសម្រាប់សេវាអ៊ីនធឺណិត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?