ពលករខ្មែរម្នាក់ ដេកស្លាប់​ក្រោយ​ផឹកស្រាថ្នាំ យីហោ «ឆ្អឹងខ្លា» – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ពលករខ្មែរម្នាក់ ដេកស្លាប់​ក្រោយ​ផឹកស្រាថ្នាំ យីហោ «ឆ្អឹងខ្លា»

Published

on

​ពលករខ្មែរម្នាក់ ដែលមានមុខនាទីជាជាងភ្លើង ក្នុងខេត្ត ឈុនបុរី ប្រទេសថៃ​បានស្លាប់នៅក្នុងបន្ទប់​ស្នាក់​នៅ ដោយ​មានចំណងជាប់នៅដៃផង ដែលបញ្ហានេះបាន​ធ្វើឲ្យប៉ូលិសថៃ មានមន្ទិលយ៉ាងខ្លាំង និងបង្ក​ការភ្ញាក់​ផ្អើល​​​កាលពីព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០​។

​​ពលករខ្មែររូបនេះ មានឈ្មោះ សង ត្រៀមចិត្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខងារជា ជាងភ្លើង ក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តឈុនបុរី ។

​តាមការអះអាងពីសាក្សីដែលស្នាក់​នៅ​ក្បែរ​បាននិយាយថា កាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី ១៣ ខែ វិច្ឆិកា ជនរងគ្រោះរូបនេះបានជួបជុំគ្នាជាមួយ​មិត្តភ័ក្ដិ​ចំនួន ២ នាក់​ ដោយពួកគេ​បាននាំគ្នា​ផឹក​ស្រា​ថ្នាំយីហោ « ឆ្អឹងខ្លា » អស់ចំនួន ៤ ដបធំ រហូតដល់ម៉ោង ១០ យប់ទើបពួកគេបែក​ផ្លូវគ្នាចូលទៅ​សម្រាក​រៀងៗខ្លួន លុះព្រឹកឡើងនៅពេលដែល​មិត្តភ័ក្ដិ​ចូលទៅហៅដើម្បីចេញទៅធ្វើការ ទើបមានការ​ភ្ញាក់​ផ្អើលតែម្តង ដោយសារតែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងសភាពដៃច្រង៉ាង ។

ដោយឡែកលោក រៀន ហ៊ាន អាយុ ៥០ ឆ្នាំ ត្រូវជា ឪពុកមា បង្កើតរបស់សព បានអះអាងប្រាប់​សមត្ថកិច្ច​ថៃថា នៅព្រឹកថ្ងៃកើតហេតុ បន្ទាប់ពីមានការឆោឡោថា ក្មួយរបស់គាត់បានស្លាប់រួចមក គាត់ក៏​បានចូលទៅមើល ហើយក៏បានហៅម្ចាស់ផ្ទះជួលឲ្យមកមើលដែរ ដោយសារតែ​ក្មួយរបស់គាត់ដេក​ស្លាប់​មាន​លក្ខណៈ​អាក្រក់​មើល​ពេក គាត់ក៏បានទាញដៃទាំងពីរយកមកចងភ្ជាប់គ្នា រួចក៏បានហៅ​សមត្ថកិច្ច​មកពិនិត្យ ។

ដំបូងឡើយ សមត្ថកិច្ចថៃមានការឈឺក្បាល ដោយគិតថា វាគឺជាករណីឃាតកម្ម ដោយសារតែសព​មាន​ការចងដៃជាប់គ្នា ប៉ុន្តែក្រោយពីបានស្តាប់សាក្សីបំភ្លឺ និងក្រោយពីបានពិនិត្យទៅលើ​រាងកាយសពមិនមាន​ស្លាកស្នាមអ្វីមួយ ដែលអាច​ពាក់ព័ន្ធ​ទៅនិងករណីឃាតកម្មនោះ​ទេ ទើបប្រគល់សពទៅឲ្យក្រុម​អង្គភាព​ជំនាញ​ដើម្បីធ្វើការតាម​នីតិវិធី​៕

​អត្ថបទ ៖ សោ និយមរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម