ឃាត់ខ្លួន​ជនជាតិ​ចិន ៩នាក់ ប៉ុនប៉ង​ឆ្លងដែន​តាមទូក​ចូល​កម្ពុជា – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ចិន ៩នាក់ ប៉ុនប៉ង​ឆ្លងដែន​តាមទូក​ចូល​កម្ពុជា

Published

on

កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០នាទី​ទៀបភ្លឺ​ សហការជាមួយ កម្លាំងជំនាញ​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុកឆែប បានធ្វើការ​ឃាត់​ខ្លួនជនជាតិចិន ចំនួន ០៩នាក់ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានលួចឆ្លង​ដែនពីប្រទេសចិន ចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ។
 
នគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់ ស្រី ០៤នាក់ មាន ១.ឈ្មោះ Ding Yuan ភេទប្រុស អាយុ ២៨ឆ្នាំ, ២.ឈ្មោះ Sheng Liy Wei ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ Li Sheng Yong ភេទប្រុស អាយុ ១៥ឆ្នាំ, ៤.ឈ្មោះ Fang Ying List ភេទប្រុស អាយុ ២០ឆ្នាំ, ៥.ឈ្មោះ Wang Minh ភេទប្រុស អាយុ ២៥ឆ្នាំ, ៦.ឈ្មោះ Xiong Jia ភេទស្រី អាយុ ២៥ឆ្នាំ, ៧.ឈ្មោះ Huang Shan Shan ភេទស្រី អាយុ ១៧ឆ្នាំ, ៨.ឈ្មោះ Huang Qiao Dan ភេទស្រី អាយុ ២០ឆ្នាំ និង៩.ឈ្មោះ Wu Feng ភេទស្រី អាយុ ១៦ឆ្នាំ។

កម្លាំង​ជំនាញ​អន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បាននាំខ្លួនជនជាតិចិនទាំង ០៩នាក់​ខាង​លើ មកដល់ការិយាល័យជំនាញស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ។
កម្លាំង​ជំនាញ​ផែន​ការងារ​អន្តោប្រវេសន៍ បានធ្វើការសាកសួរ និង​កសាង​នីតិវិធី រួចមកឃើញថា ជនជាតិ​ចិន​ទាំង​ ០៩នាក់ខាងលើ ពុំមានកាន់លិខិតឆ្លងដែនទេ។

​ជនជាតិចិនទាំង ០៩នាក់ ត្រូវបានឲ្យត្រឡប់ទៅប្រទេសចិនវិញ ដោយឆ្លងកាត់តាមប្រទេសឡាវ ដែល​ជា​ច្រក​ឆ្លងកាត់ចូលមក៕
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម