​​​កិច្ច​ប្រ​ជុំ​​​កំពូល​​​អាស៊ាន-អូស្ត្រាលី​ ​ឯកភាព​គ្នា​ធានា​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​​​កិច្ច​ប្រ​ជុំ​​​កំពូល​​​អាស៊ាន-អូស្ត្រាលី​ ​ឯកភាព​គ្នា​ធានា​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩​​

Published

on

នេះជាការបញ្ជាក់នៅក្នុង​លទ្ធផល​ នៃកិច្ចប្រជុំកំពូល​​ថ្នាក់​​ដឹក​​នាំ​​អាស៊ាន-អូស្រ្ដាលី​ លើកទី២ ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល នៃ​កិច្ច​ប្រជុំកំពូល​អាស៊ាន  និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០​២០​ ដែលលោកអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​តំណាង​​​​​សម្ដេច​​អគ្គ​​មហាសេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ចូល​រួម​កិច្ច​​ប្រ​ជុំនោះ។​​

តាម​លទ្ធផល​ នៃ​កិច្ចប្រជុំ​បាន​ឲ្យដឹងថា នៅក្នុងកិច្ច​ប្រជុំ​នោះ ថ្នាក់ដឹកនាំបាន​កោត​សរសើរ​សមិទ្ធផល​ធំៗ ដែល​​សម្រេច​បានក្រោម​ក្របខ័ណ្ឌ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អូស្ត្រាលី  ក្នុងរយៈពេល៤៥ឆ្នាំ​កន្លង​មក​នេះ ដែល​បាន​រួមចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​វិបុលភាព ក្នុង​តំបន់។ ថ្នាក់ដឹកនាំ​មានការប្តេជ្ញារួមគ្នាក្នុងការអនុវត្តផែនការសកម្មភាព​ឆ្នាំ២០២១-២០២៤ ប្រកបដោយ​ប្រសិទ្ធភាព។

ថ្នាក់ដឹកនាំ​អាស៊ាន​​បាន​កោតសរសើរ​ការ​បន្ត​គាំទ្រ​របស់​អូស្ត្រាលី​ ដល់​មជ្ឈ​ភាព​អាស៊ាន ក្នុងការ​កសាង​សហគមន៍​អាស៊ាន សមាហរណកម្ម​តំបន់ និង​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍។ ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​ស្វាគមន៍​ការគាំទ្រថវិការបស់​អូស្រ្តាលី ចំនួន១​លានដុល្លារអាមេរិក ដល់​មូលនិធិ​អាស៊ាន​ ឆ្លើយតប នឹងជំងឺ​រាតត្បាតកូវីដ-១៩ ក៏ដូចជាការគាំទ្រដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​គំនិត​ផ្ដួចផ្ដើម​តំបន់​នានា​ជា​ច្រើន​ទៀត ដើម្បី​ដោះស្រាយ​ភាព​អាសន្ន​សុខភាព​សាធារណៈ។ ​

កិច្ចប្រជុំ​បាន​ឯកភាព​ធ្វើការ​រួមគ្នា​បំពេញ​ភារ​កិច្ច​បន្ទាន់ ក្នុង​ការ​ដោះស្រាយ​ការ​ស្តា​រ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ ជាពិសេស លើការងារឆ្ពោះ​ទៅ​ការ​ដក​ចេញការ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ទាំងឡាយ។ កិច្ច​ប្រជុំ​ក៏បានឯកភាពគ្នាលើភាព​ចាំបាច់ ក្នុងការធានា​ឱ្យមានការផ្គត់ផ្គង់​ដោយពេញ​លេញ និងដោយ​សមធម៌​នូវ​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ទាំងអស់​គ្នា។

ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច  កិច្ចប្រជុំបានគូសបញ្ជាក់អំពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ស្តីពីការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងការបើកការ​ចរចា​ស្ដីពី​ការ​លើកកម្ពស់​កិច្ច​ព្រមព្រៀង​នេះ នៅឆ្នាំ២០២១ខាងមុខ។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាថែរក្សា​សណ្ដាប់ធ្នាប់​អន្តរជាតិ​មួយ​ដែល​សេរី បើកចំហ មាន​តម្លាភាព ប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់ ហើយប្រកាន់ខ្ជាប់នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី បូករួមទាំងតាម​រយៈទស្សនវិស័យអាស៊ាន​ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វីក (AOIP)។

ថ្នាក់ដឹកនាំបានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងសង្គម-វប្បធម៌ កាន់តែ​ស៊ីជម្រៅ​ថែមទៀត តាម​​រយៈ​កម្មវិធី​លើក​ស្ទួយការតភ្ជាប់ អប់រំ ការកសាងសមត្ថភាពនិងការកសាងស្ថាប័ន និងទេសចរណ៍។

កិច្ចសហប្រតិបត្តិការផ្នែកឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខអ៊ិនធឺនិត ការជួញដូរមនុស្ស បរិស្ថាន ការផ្លាស់ប្តូរ​អាកាសធាតុ និងការគ្រប់គ្រង់គ្រោះមហន្តរាយ វិទ្យាសាស្រ្ត និងបច្ចេក​ទេស​ឌីជីថល ហេដ្ឋារចនាសម្ព័ន្ឋ​ឌីជីថល ការតភ្ជាប់ នវានុវត្តន៍ និងបណ្តាញទីក្រុងឆ្លាត ក៏ត្រូវបានលើកយកមកពិភាក្សា នៅក្នុងឱកាសកិច្ច​ប្រជុំកំពូលនេះ ផងដែរ។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការសម្រេចរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ ដោយ​ចាប់​ផ្តើមពី​ឆ្នាំ២០២១ តទៅ ដែលនេះជាការបើកទំព័រថ្មីមួយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ     អាស៊ាន-អូស្ត្រាលី​​​៕

​​អត្ថបទ ៖ ​កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម