ព័ត៌មានជាតិ
ថ្នាក់ដឹកនាំអាស៊ានបូកបី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដែគូ ស្ដារសេដ្ឋកិច្ចឡើងវិញ
នេះជាការបញ្ជាក់នៅក្នុងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួម។
តាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃយន្តការអាស៊ានបូកបី ដែលជាវេទិកាដ៏សំខាន់សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។
ថ្នាក់ដឹកនាំបានសម្តែងសេចក្ដីសោមនស្សចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។
ថ្នាក់ដឹកនាំបានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ អាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រ យុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ។

ថ្នាក់ដឹកនាំបានឯកភាពគ្នាធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃសមរម្យ ក៏ដូចជាការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពរលូន។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ដូចជាតាមរយៈមូលនិធិឆ្លើយតបអាស៊ាន សម្រាប់ជំងឺកូវីដ-១៩ និងស្ដុកបម្រុងបរិក្ខារពេទ្យតំបន់ អាស៊ាន។
ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានជាអាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម, សន្តិសុខស្បៀង, ការអប់រំប្រកបដោយគុណភាព, វប្បធម៌ និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ាន បានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានបូកបី ឱ្យគាំទ្រដល់គម្រោងនានា ដែលស្ថិតនៅក្រោមផែនការមេស្ដីពីការតភ្ជាប់ (MPAC) ឆ្នាំ២០២៥ និងគូសបញ្ជាក់អំពីតម្រូវការក្នុងការស្វែងរកការសំយោគរវាងផែនការមេស្ដីពី ការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយនឹងគំនិតផ្តួចផ្តើមដទៃទៀត ដើម្បីគាំទ្រដល់របៀបវារៈនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់។
ថ្នាក់ដឹកនាំបានឯកភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់។
លទ្ធផលកិច្ចប្រជុំបានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី បានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ។
ក្នុងនោះបញ្ហាផ្សេងទៀតដូចជាបញ្ហាឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការលំហសមុទ្រក៏ត្រូវបានពិភាក្សាផងដែរ។
កម្ពុជា បានសម្តែងការគាំទ្រចំពោះការបង្កើត “ក្រុមការងារអាស៊ានបូកបីស្តីពីបញ្ហាជំងឺរាតត្បាត” និង “ស្តុកបំរុងបរិក្ខារពេទ្យតំបន់អាស៊ានបូកបី សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ” ។

កម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃ “សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី សម្រាប់ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចំពោះមុខបញ្ហាប្រឈមដែលកើតឡើងថ្មី” ដែលបានគូសបញ្ជាក់អំពីការប្ដេជ្ញារបស់ប្រទេសអាស៊ាន បូកបី ក្នុងការពង្រឹងសមត្ថភាពតំបន់ និងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលអនាគត នៅក្នុងតំបន់។
បន្ទាប់ពីកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បូកបី ក៏បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ និងដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ នៅក្នុងដំណាក់កាល នៃការស្តារឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់