ព័ត៌មានជាតិ
ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart
ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖ សម្អាតសំរាម ដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០។

ជាអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនបេក្ខនារីវគ្គផ្ដាច់ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធតែមានឱកាសក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូស្មាតជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ គាត់ត្រូវបានជ្រើសតាំងដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាពការការពារបរិស្ថានដ៏លេចធ្លោរបស់គាត់។

លោក ចក់ វុទ្ធី បានថ្លែងថា “ខ្ញុំស្រលាញ់កម្មវិធីរបស់ស្មាតហ្នឹង ដែលគាត់បំផុសគំនិតពលរដ្ឋគំរូហ្នឹងមក។ អ៊ីចឹងខ្ញុំក៏គិតថា សម្រេចចិត្តជ្រើសតាំង ថារី ទៅឱ្យ Smart មួយទៅ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមើលទៅ ក្រែងលោគេធ្វើគំរូតាមបានច្រើនអ៊ីចឹង ក្លាយទៅជាប្រទេសដែលស្រលាញ់បរិស្ថានច្រើន ព្រោះអីភាគច្រើន ខ្ញុំឃើញគាត់ឱ្យតែនិយាយអីបន្តិច គឺគាត់ផ្ដោតលើបរិស្ថានអ៊ីចឹងណា”។
អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយឈ្មោះថា “ធុងបរិស្ថាន” នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង១០នាក់ កែច្នៃសំបកកង់ចាស់ៗ ឱ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០0៨ មកម្ល៉េះ។ អ្នកនាងបានថ្លែងថា ការយកសំបកកង់រថយន្តចាស់មកកែច្នៃបែបនេះជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារជូនដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង។ អ្នកនាងបញ្ជាក់ថា “កំណើននៃការផ្គត់ផ្គង់ទៅកាន់អតិថិជនបានកាន់តែច្រើន គឺស្មើនឹងការដែលយើងបានរួមចំណែកចូលរួមក្នុងការដោះស្រាយនូវបញ្ហាកាកសំណល់ដែលកើតចេញពីសំបកកង់រថយន្ដចាស់ៗដែលយើងលែងប្រើប្រាស់ហ្នឹង បានកាន់តែច្រើនឡើងផងដែរ”។

កន្លងមក គាត់ក៏បានដឹកនាំយុវជនមួយក្រុមទៅប្រមូលសំរាមនៅសហគមន៍កំពង់ឃ្លាំងក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅដែលរស់នៅទីនោះឱ្យចេះស្រលាញ់បរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។ ការងារការពារបរិស្ថានរបស់គាត់ពិតជាមានការទទួលស្គាល់ច្រើនរហូតដល់ក្រសួងបរិស្ថានបានផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថានប្រតិបត្តិករគំរូដល់គាត់នៅចុងឆ្នាំ២០២០។

ការផ្តល់ប័ណ្ណសរសើរនេះគឺដោយសារការមើលឃើញរបស់ក្រសួងចំពោះការចូលរួមចំណែករបស់ធុងបរិស្ថានក្នុងសង្គមតាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាមសម្រាប់ប្រើប្រាស់តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្តដល់រូបគាត់ពីសំណាក់ក្រសួង។
ក្រៅពីនោះ អ្នកនាង សុថារី ក៏ធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ ដូចជារៃអង្គាសថវិកាដើម្បីជូនចាស់ជរាក្រីក្រជាង ២០នាក់ទៅដើរកម្សាន្តនៅខេត្តសៀមរាប ចែករំលែកបទពិសោធជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារសិក្សាដល់កុមារកំព្រាក្រីក្រជាដើម។

លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់បានទទួលអំណោយជាធុងសំរាមចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុងសាលាររបស់លោក ហើយតាំងពីបានធុងសំរាមទាំងនេះមកបរិស្ថានសាលាបានល្អប្រសើរជាងមុន។ លោកគ្រូថ្លែងថា “លោកគ្រូអ្នកគ្រូបុគ្គលិកសាលាមានការត្រេកអរ ព្រោះនៅក្នុងសាលាយើងត្រូវការបរិស្ថានស្អាត ហើយធុងហ្នឹងសម្រាប់ដាក់តាមថ្នាក់ឱ្យសិស្សដាក់សំរាម។ យើងបានធុងហ្នឹងហើយគ្រាន់បានដាក់សំរាម”។
អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយបញ្ហាបំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូលនិងលើកកម្ពស់ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតចេញពីរុក្ខជាតិ។ ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែនដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរកសេចក្ដីស្ងប់សុខពិតសម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរពិភពលោកផងដែរ។ អ្នកនាងបន្ថែមថា “នៅពេលដែលយើងសាបព្រោះនូវទង្វើល្អទៅដល់សង្គម យើងនឹងទទួលបានផ្លែផ្កាមកវិញ ជាគុណធម៌ ជាភាពស្មោះត្រង់ ជាគុណតម្លៃនៅក្នុងជីវិតរបស់យើង។ ហើយទាំងអស់នេះ វាជាអ្វីដែលផ្ដល់ក្ដីសុខពិតប្រាកដ ចំពោះផ្លូវចិត្តរបស់យើង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។ ដើម្បីចូលមើលវីដេអូអំពីអ្នកនាង សឿង សុថារី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5KHgXy_kmy/។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?