ព័ត៌មានជាតិ
បារាំងសន្យាផ្ដល់កម្ចីសម្បទានដល់កម្ពុជាក្នុងទឹកប្រាក់រហូតដល់១២០លានអ៊ឺរ៉ូក្នុងមួយឆ្នាំ
បារាំងសន្យាផ្ដល់កម្ចីសម្បទានដល់កម្ពុជាក្នុងទឹកប្រាក់រហូតដល់១២០លានអ៊ឺរ៉ូក្នុងមួយឆ្នាំ។ នេះបើតាមលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈVideo Conference រវាងសមភាគីបារាំង និង លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៣១ ឧសភា។
នៅក្នុងកិច្ចប្រជុំនោះ ភាគីបារាំងបានសន្យាថានឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយសន្យាថាផងដែរថានឹងបន្តផ្តល់ និងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍កម្ពុជា ជារួមនូវកម្ចីសម្បទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ (២០២១-២០២៦) ដោយរួមទាំងការប្រឹងប្រមូលហិរញ្ញប្បទានឥតសំណងជួយកម្ពុជាឱ្យបានច្រើនពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀតឱ្យបានច្រើន ឱ្យស្របទៅតាមបរិការណ៍ពេលបច្ចុប្បន្ន ក៏ដូចជានៅពេលក្រោយកូវីដ-១៩ ផុតរលត់។
លោក វង្សី វិស្សុត មានប្រសាសន៍ថា៖ «ប្រទេសបារាំងមិនត្រឹមតែជាមិត្តភក្តិ និងជាបណ្តាប្រទេសឈានមុខគេ ដែលចូលរួមចំណែកក្នុងការនាំមកនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។»
លោកបានបន្តទៀតថា ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ប្រមាណ ៨៦៧ លានអឺរ៉ូ (ក្នុងនោះឥណទានសម្បទានរបស់រដ្ឋ មានទឹកប្រាក់ប្រមាណ ៥០៧ លានអឺរ៉ូ)។ ហិរញ្ញប្បទានទាំងនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមកម្មវិធី និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ។
ដោយឡែកអំពីវិបត្តិកូវីដ១៩ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ការរីករាលដាលជំងឺកូវីដ-១៩ បានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា។ ប្រការនេះបានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥%។
ទោះជាយ៉ាងណា លោកមានសុទុដ្ឋិនិយមថា៖ «សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស»៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ