សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អង្គភាព ចំនួន៨ ក្រោមក្រសួងមហាផ្ទៃ បង្កើនការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេច ដើម្បីលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ។
តាមរយៈសំណេររបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងហ្វេប៊ុកនៅថ្ងៃនេះ បានសរសេរថា«នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមគោរពជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារក្នុងខែតុលា របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ ដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោមនេះ»។
សម្តេចក្រឡាហោមបានសរសេរទៀតថា«ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការប្រកប ដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង »។
តាមរបាយការណ៍ ស្តីពីលទ្ធផលការងារ ក្នុងខែតុលា របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានម្ចាស់គណនីហ្វេប៊ុកដែលស្នើឲ្យជួយដោះស្រាយបញ្ហានិងផ្តល់មតិយោបល់ចំនួន នៅតាមអង្គភាពចំនួន ៨អង្គភាព រួមមាន អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គាធិការដ្ឋាន, អគ្គភាពពាក់ព័ន្ធនានា ដើម្បីមុខការ និងមតិយោបល់គោរពជូនសម្ដេចជ្រាប។ តាមរបាយការណ៍ដដែល បានបន្តថា ក្នុងនោះបានសម្រេចដោះស្រាយជាស្ថាពរបានចំនួន ៣៣ ករណីនិងកំពុងដោះស្រាយចំនួន ១៨៧ ករណី៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រុមហ៊ុនវិនិយោគធំៗ ចំនួន៥ទៀត មានវត្តមាននៅកម្ពុជា