ព័ត៌មានជាតិ
សភាកម្ពុជា-វៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច នៅក្រោយពីកូវីដ-១៩
ការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជាមួយលោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាបប្រទេសទាំងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតាំងពីយូរមកហើយនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតក នៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។
សម្តេច ហេង សំរិន បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះ រដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។
លោក វឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ នៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ លោកសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម លោកនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ១៩បានបញ្ចប់ទៅ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាម បានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំនុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀង ដែលរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៩ នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្ត្រីឱ្យមានសកម្មភាពឡើង។ រដ្ឋសភាប្រទេសទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិការអន្តរសភា ទាំងនៅក្នុងតំបន់និងសកលលោក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក វឿង ឌីញ ហ្វេ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលបោះបង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបាន៨៤ ភាគរយ ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងសម្រេច ការងារដែលនៅសេសសល់ប្រមាណ១៦ ភាគរយទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកាប្រមាណ២៥ លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះ គម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជា នឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក