ព័ត៌មានជាតិ
ចំណាប់អារម្មណ៍របស់គណៈកម្មការទាំងបួនរូបក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២
កាន់តែពិសេសជាងរដូវកាលទី១ កម្មវិធីវង់តន្ត្រីខ្មែរ បង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ បានត្រឡប់មកសារជាថ្មីក្នុងរដូវកាលទី២ ក្រោមប្រធានបទ «សិល្បៈបុរាណចម្រុះ»។
តាមរយៈបទសម្ភាសកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងសមាសភាពគណៈកម្មការវាយតម្លៃទាំង៤រូប ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ឯកឧត្តមសាស្រ្តាចារ្យព្រឿង ឈៀង ឯកទេសរបាំបុរាណ របាំប្រជាប្រិយ និងល្ខោនខោល បានសង្កត់ធ្ងន់ថា វប្បធម៌មិនមែនជារឿងធម្មតាទេ ក៏ប៉ុន្តែគឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ និងជាអាយុជីវិតរបស់ជាតិសាសន៍មួយ ដែលទាមទារឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ចូលរួមអភិរក្ស ចូលរួមអភិវឌ្ឍ និងចូលរួមទទួលខុសត្រូវសិល្បៈវប្បធម៌ទាំងអស់គ្នា។

លោកស្រីសាស្រ្តាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី បានបញ្ចេញសេចក្ដីសោមនស្សរីករាយជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយលោកស្រីបានមានប្រសាសន៍ថា ”កម្មវិធីនេះបានដាស់ស្មារតីឲ្យកូនខ្មែរភ្ញាក់រលឹក កុំភ្លេចវប្បធម៌ខ្មែរបុរាណ ទោះបីយ៉ាងណាក៏ដោយ ចេះមួយទម្រង់ណាក៏ដោយ ទោះមិនអាចចិញ្ចឹមជីវិត ក៏យើងត្រូវរក្សាដែរ ហើយលើកទឹកចិត្តឲ្យកូនៗ ក្មួយៗ ចៅៗទាំងអស់ មកបញ្ចេញសមត្ថភាព ក្នុងនាមជាកូនខ្មែររក្សាប្រពៃណីខ្មែរ រក្សាវប្បធម៌ខ្មែរយើង”។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ យន់ ខៀន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាគណៈកម្មការមួយរូបក្នុងវង់តន្ត្រីខ្មែរ រដូវកាលទី២នេះ លោកពិតជាមានសេចក្ដីត្រេកអរឥតឧបមាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលបានបំផុសកម្មវិធីប្រកួតនេះឡើង ក៏ដោយហេតុថា នៅពេលតែយុវជនចូលរួម និងគាំទ្រសិល្បៈបុរាណខ្មែរហើយ នោះយើងនឹងមិនភ័យព្រួយអំពីរឿងបាត់បង់មរតកវប្បធម៌ជាតិនោះទេ ព្រោះការចូលរួមពីសំណាក់យុវជន គឺជាកម្លាំងចលករយ៉ាងចម្បង ដែលនឹងធ្វើឲ្យសិល្បៈវប្បធម៌ខ្មែរគង់វង្ស និងរីកចម្រើនតរៀងទៅ។

ចំណែក លោកស្រីសាស្រ្តចារ្យ អ៊ុយ លតាវណ្ណ ឯកទេសចម្រៀងយីកេ និងចម្រៀងបាសាក់ បានបង្ហាញទឹកចិត្តរំភើបជាមួយកម្មវិធីវង់តន្ត្រីខ្មែរ ដែលនឹងដើរតួនាទីបម្រើផលប្រយោជន៍របស់វប្បធម៌ជាតិ និងបណ្ដុះស្មារតីស្នេហាវប្បធម៌ ដោយអនុញ្ញាតឲ្យយុវជនបានស្គាល់ និងចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិខ្មែរយើង។

គណៈកម្មការទាំងបួនរូប ក៏បានលើកឡើងជារួម ដោយលើកទឹកចិត្តឲ្យ យុវជនខ្មែរ និងអ្នកស្នេហាវិស័យសិល្បៈវប្បធម៌បុរាណ ជាអ្នកអាជីពក្ដី មិនអាជីពក្ដី ឲ្យចូលរួមប្រកួតបញ្ចេញសមត្ថភាពរបស់ពួកគេ ក្នុងស្មារតីអភិរក្ស និងអភិវឌ្ឍសិល្បៈដ៏សម្បូរបែបរបស់ខ្មែរយើង ដែលបន្តពីដូនតាមក។


គួររំឭកថា ចំពោះការចូលរួមប្រកួត បងប្អូនត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួតតម្លៃត្រឹម ១ម៉ឺនរៀលតែប៉ុណ្ណោះ មកកាន់ទំព័រហ្វេសបុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province – សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង) ឬក៏តេលេក្រាមរបស់កម្មវិធីវង់តន្រ្តីខ្មែរ តាមរយៈលេខទូរសព្ទ (099 914 121 / 098 914 121)។ ចំពោះកុមារតូចៗ និងជនពិការ ត្រូវបានលើកទឹកចិត្ត។
គួរបញ្ជាក់ថា កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី២នេះ នឹងចាប់ផ្តើមទទួលវីដេអូប្រកួត ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២១។
ចំពោះជយលាភីលេខ ១ លេខ២ និង លេខ៣ នឹងទទួលបានទឹកប្រាក់រង្វាន់ដូចជា៖
-ជយលាភីលេខ១៖ ១២,០០០,០០០រៀល
-ជ័យលាភីលេខ២៖ ៨,០០០,០០០រៀល
-ជយលាភីលេខ៣៖ ៤,០០០,០០០ រៀល។
*សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 914 121 / 098 914 121 ហើយនិង មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ