ព័ត៌មានជាតិ
ដំណក់ប្រេងលើកដំបូង នឹងយកទៅរក្សាទុកនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃទី០៩ មិថុនា ខាងមុខ
កម្ពុជានឹងយកដំណក់ប្រេងលើកដំបូងទៅរក្សាទុកនៅសារមន្ទីរវិមានឈ្នះ ឈ្នះ ដែលពិធីប្រគល់ និងទទួល នឹងធ្វើឡើងនៅថ្ងៃពុធ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នេះបើយោងតាមកម្មវិធី ដែលទទួលបាននាល្ងាចថ្ងៃទី០៧ ខែមិថុនា នេះ។
កិច្ចប្រជុំដើម្បីពិភាក្សារៀបចំពិធីប្រគល់កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ។
បើតាមកម្មវិធី ដែលទទួលបាន ពិធីប្រគល់កែវផ្ទុកដំណក់ប្រេងដំបូង នឹងប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ៨ ព្រឹក ដោយមានសុន្ទរកថា លោក ស៊ុយ សែម និងសម្តេចពិជ័យសេនា ទៀ បាញ់ ។ ជាមួយគ្នានោះក៏មានកម្មវិធីដង្ហែកែវដំណក់ប្រេង យកទៅតម្កល់ទុក និងពិធីឆ្លាក់រូបកែវប្រេង ព្រមទាំងទស្សនាសមិទ្ធផល នៅវិមានឈ្នះ ឈ្នះ ផងដែរ ហើយក៏មានកម្មវិធីផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅចុងបញ្ចប់។
សូមបញ្ជាក់ថា កម្ពុជាទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ហើយការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា។
ដំណឹងពិសេស នៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោបានលើកឡើងថា “ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើម ផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាន នូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង”។
បើតាមសម្តេចតេជោ ហ៊ុន សែន “ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន”។
សម្តេចបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd.។
បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចាត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។ ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

ទី១, ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
ទី២, កប៉ាល់ផលិតកម្មប្រេងបានដំឡើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខាររួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះគឺជាពរជ័យសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អះអាងថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?