ព័ត៌មានជាតិ
សល់ ៣ ថ្ងៃទៀតដល់ឱសានវាទ ផ្ទះបណ្តែតទឹកតាមដងទន្លេ ចាប់ផ្តើមរុះរើបណ្តើរៗ
ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី៨ មិថុនានេះ ខណៈដែលថ្ងៃឱសានវាទ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឲ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវបានឲ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយ។ ក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត។
លោកបន្តថា រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែលអាជ្ញាធរប្រេីវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែក លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ មិថុនានេះដែរថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ អាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញមុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី០៨មិថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។

ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់អោយដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ ចំនួន២៩២កន្លែងស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្ត្រីនោះ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ។
គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹកបំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ។

សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណ៏រឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ទន្ទឹមនឹងនេះ រ័ដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប័ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ