ព័ត៌មានជាតិ
ឧកញ៉ា ហ៊ុន ឡាក់ ៖ អ្នកដាំស្វាយ នឹងទទួលបានផលចំណេញ បើដាំត្រូវតាមស្តង់ដារទីផ្សារចង់បាន
ផ្លែស្វាយគឺជាផលិិតផលកសិកម្មដ៏សំខាន់មួយប្រភេទ ដែលប្រជាពលរដ្ឋនៅកម្ពុជានិយមដាំដុះជាយូរយារណាស់មកហើយ ប៉ុន្តែកន្លងមកពួកគាត់បានជួបប្រទះបញ្ហាប្រឈមមួយ គឺបញ្ហាកង្វះទីផ្សារនាំចេញ។ យ៉ាងណាក៏ដោយ ក្រោយពីបានចុះកិច្ចព្រមព្រៀងនាំចេញស្វាយដោយផ្ទាល់ទៅកាន់ប្រទេសចិនរួចមក កម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០២១នេះ ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។
ឧកញ្៉ា ហ៊ុន ឡាក់ គឺជានាយកប្រតិបត្តិក្រុមហ៊ុន Rich Farm ដែលបានដាំដុះដំណាំស្វាយលើផ្ទៃដីជាង៤០០ហិកតាសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ក្នុងមួយឆ្នាំ ក្រុមហ៊ុន Rich Farm អាចនាំចេញស្វាយទៅលក់នៅក្រៅប្រទេសប្រមាណជាង១ម៉ឺនតោន។
ទាក់ទងនឹងបញ្ហាទីផ្សារ ឧកញ្៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា៖ «អ្នកដាំស្វាយនឹងទទួលបានផលចំណេញមិនខាតនោះទេ ប្រសិនបើដំណាំស្វាយរបស់ពួកគាត់ត្រូវតាមស្ដង់ដារដែលទីផ្សារចង់បាន។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យើងសង្កេតឃើញថាតម្លៃស្វាយដែលល្អត្រូវតាមស្តង់ដារទីិផ្សារនៅតែរក្សាបានតម្លៃខ្ពស់ លើកលែងតែស្វាយដែលមិនត្រូវតាមស្ដង់ដារដែលបានធ្លាក់ថ្លៃ។»
ឧកញ្៉ា ហ៊ុន ឡាក់ បានពន្យល់ថា កន្លងមកប្រជាពលរដ្ឋជួបបញ្ហាគ្មានទីផ្សារនាំចេញ ដោយសារតែស្វាយដែលពួកគាត់ដាំដុះបានភាគច្រើនមិនត្រូវតាមស្តង់ដារទីផ្សារចង់បាន។ ដូច្នេះស្វាយរបស់ពួកគាត់មិនអាចនាំចេញទៅក្រៅបាន គឺមានតែរោងចក្រមួយចំនួនតូចតែប៉ុណ្ណោះដែលបានប្រមូលទិញយកទៅកែឆ្នៃ ហើយនៅពេលដែលស្វាយមានចំនួនច្រើនធ្វើឱ្យ រោងចក្រកែឆ្នៃមិនអាចស្រូបយកអស់ ដែលជាហេតុធ្វើឱ្យស្វាយទាំងនោះលក់មិនទាន់ត្រូវចាក់ចោល។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងថា៖ «បញ្ហាកង្វះទីផ្សារផលិតផលដំណាំស្វាយនៅប្រទេសកម្ពុជាកើតឡើង ដោយសារតែអ្នកដាំដុះកន្លងមកមិនបានយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួង។»
ដើម្បីដោះស្រាយបញ្ហាកង្វះទីផ្សារ ឯកឧត្តម វេង សាខុន បានអំពាវនាវដល់សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម។
ឯកឧត្តម វេង សាខុន បញ្ជាក់ថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយ ដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធាន ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ការចុះបញ្ជីកសិដ្ឋានដាំស្វាយ គឺដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្ដុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការកែឆ្នៃនិងនាំចេញ។
ស្ថិតិឆ្នាំ២០២០របស់ក្រសួងកសិកម្មបានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម។
គួរបញ្ជាក់ថា កម្ពុជាបាននាំចេញផ្លែស្វាយស្រស់សរុបជាង១៥ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កើនឡើង២៥៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»