ព័ត៌មានជាតិ
សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណចំនួន២៧រូបឲ្យកម្ពុជាវិញ
លោក ជុំ សុន្ទរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋ អាមេរិក និងលោក Cyrus Vance Jr. រដ្ឋអាជ្ញា នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការ ផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញ ដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជា ណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាប្រគល់ និងទទួល វត្ថុបុរាណនេះ បានប្រព្រឹត្តទៅ នៅការិយាល័យរដ្ឋអាជ្ញ កាលពីទី០៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ហើយពិធីនោះ ក៏មានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ តាមរយៈវីដេអូពីភ្នំពេញ ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានេះ ហើយឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការ សហប្រជាជាតិ ក៏មានវត្តមានផងដែរ។


ក្នុងចំណោមវត្ថុបុរាណទាំងចំនួន២៧ ដែលត្រូវបានរកឃើញមកវិញដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួង សន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួន ដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធរូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រនេះជាមួយការិយាល័យរដ្ឋអាជ្ញា។

លោកស្រី ភឿង សកុណា បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា ដោយបានសម្ដែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យរដ្ឋ អាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋ អាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រឡប់មកមាតុភូមិកម្ពុជាវិញ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ព្រមទាំងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន និងក្រុមហ៊ុន ឡើង ជាពិសេស គឺក្នុងស្ថានភាពដ៏លំបាក នៃការរាលដាលជម្ងឺកូវីដ-១៩។
លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថាការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ ពីចំណង មិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋ អាមេរិក ក្នុងការចូលរួម ការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។ លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ។
ចំណែកលោកឯកអគ្គរាជទូត ជុំ សុន្ទរី បានគូសបញ្ជាក់ថា “ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មីនូវលទ្ធផលផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នាចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌រវាងប្រទេសទាំងពីរ និងបានបន្ថែមថា “យើងខ្ញុំសង្ឃឹមថា សហ រដ្ឋអាមេរិក នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ការជួញដូរសម្បត្តិវប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ”។

លោកឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ឱ្យពិនិត្យ ដោយយកចិត្តទុកដាក់នូវប្រភពដើម នៃវត្ថុបុរាណរបស់ខ្លួន និងសូមទទួលដឹងថាសម្បត្តិវប្បធម៌ខ្មែរភាគច្រើន ដែលនៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ។
លោកឯកអគ្គរាជទូត បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក និងក្រសួងសន្តិសុខមាតុភូមិអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លានេះ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា