ក្រសួងធនធានទឹក និងឧតុនិយមថា បានឲ្យដឹងថា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។
តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ស្ថានភាពនេះ នឹងធ្វើឲ្យបណ្ដាខេត្ត ក្រុងមួយចំនួន ក្នុងប្រទេសកម្ពុជា មានសីតុណ្ហភាពចុះត្រជាក់ ដល់២១អង្សាសេ ពិសេសបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងដែរថា ស្ថានភាពនេះ នឹងធ្វើឲ្យផ្នែកមួយចំនួន អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ផងដែរ។ សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារសុខភាព ដល់ប្រជាពលរដ្ឋ ពិសេសមនុស្សវ័យចំណាស់ និងកុមារ នៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងអាកាសធាតុ ចុះត្រជាក់នេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងជំងឺមួយចំនួនដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុសនិងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អកនិងរលាកក្រពះពោះវៀនដោយពពួកវីរុស ជាដើម។
ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់ច្រើនជាន់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួន។ ចៀសវាងសំលៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។ លើសពីនេះទៀតមនុស្សវ័យចំណាស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋស្វែងរកការព្យាបាលវេជ្ជសាស្ត្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំនេះ៕