ព័ត៌មានជាតិ
អ្នកចិញ្ចឹមពពែ ថា បើមានមេពពែចាប់ពី១០ទៅ១៥ក្បាល គឺមិនខ្វះលុយឲ្យកូនរៀនដល់ចប់ទេ
របរចិញ្ចឹមសត្វពពែ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នកដឹងវិញនោះគឺ មិនធម្មតាឡើយ ឲ្យតែយើងចិញ្ចឹម និងមើលថែវាបានល្អនោះ របរល្មមៗមិនអាចប្រៀបបានឡើយ គ្រាន់តែមានមេពពែចាប់ពី៥ ទៅ១០ក្បាលនោះ គឺអាចរកចំណូលឲ្យកូនរៀនដល់ចប់មហាវិទ្យាល័យក៏មិនភ័យព្រួយឡើយក្នុងការផ្គត់ផ្គង់នោះ។
សត្វពពែ គឺជាសត្វជើង៤មួយប្រភេទ ងាយស្រួលចិញ្ចឹម វាមានរាងដូចជាសត្វគោក្របីដែរ តែវាមិនមានកម្លាំងអូសទាញដូចគោក្របីនោះទេ សត្វពពែវាស៊ីស្លឹកឈើជាអាហារ គេចិញ្ចឹមវាយកសាច់លក់ដូចជាសត្វជ្រូកអញ្ចឹងដែរ ដែលក្នុង១ឆ្នាំៗវាហុចផលឲ្យច្រើនសម្រាប់អ្នកចិញ្ចឹម។
លោក ម៉ីន ប៊ុនធឿន ជាអ្នកចិញ្ចឹមសត្វពពែបង្កាត់ពូជ និងយកសាច់លក់ មានទីលំនៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា លោកចិញ្ចឹមសត្វពពែនេះអស់រយៈពេល១០ឆ្នាំមកហើយ ដោយចិញ្ចឹមលើកទី១នោះ គឺគ្រាន់តែចិញ្ចឹមគ្រាន់ល្អមើលប៉ុណ្ណោះ។
លោកបន្តថា កាលលោកចិញ្ចឹមដំបូងទុកគ្រាន់ល្អមើល មានមេ៣ និងឈ្មោល១ក្បាលតែប៉ុណ្ណោះ ដែលក្នុង១ក្បាល់តម្លៃ៦០០ដុល្លារ។ តែមកដល់បច្ចុប្បន្ននេះ លោកមានពពែប្រមាណ១០០ក្បាល ដែលបានចែកឲ្យគេចិញ្ចឹមខ្លះផង និងលក់ឲ្យឈ្មួញខ្លះផងនោះ គ្រាន់តែតម្លៃលក់មេពូជរាងធ្លាក់ថ្លៃជាងមុនបន្តិច នាបច្ចុប្បន្ននេះ។
លោកប្រាប់ឲ្យដឹងទៀតថា ក្នុងមេ១ក្បាល ១ឆ្នាំវាកូនបាន៣ដង បើគេចិញ្ចឹមវាយកសាច់លក់វិញ ចាប់ពីកូនកើតមក៥ទៅ៦ខែ ដែលវាមានទម្ងន់រហូតដល់៥០ទៅ៦០គីឡូក្រាម គេលក់វាហើយ ដោយតម្លៃទូទៅក្នុង១គីឡូក្រាម២៨០០០រៀល ឲ្យតែមានពពែលក់ គឺមានម៉ូយគេមកទិញដល់ផ្ទះតែម្តង។
លោកបញ្ជាក់ថា ការចិញ្ចឹមសត្វពពែវាមិនជាពិបាកអ្វីនោះទេ បើយើងធ្វើទ្រុងដាក់វាឲ្យបានត្រឹមត្រូវនោះ គឺមិនមានជំងឺអ្វីនោះឡើយ ព្រោះវាជាសត្វមួយប្រភេទងាយស្រួលចិញ្ចឹមបំផុត ឆាប់ទទួលបានផល រីកសាយកូនចៅយ៉ាងឆាប់រហ័ស ស៊ីចំណីមិនរើសមុខ អាចចិញ្ចឹមតិច ឬច្រើនទៅតាមលទ្ធភាពរបស់យើង។ ដោយសត្វពពែវាចូលចិត្តស៊ីស្លឹកឈើជាអាហារបំផុត ហើយមិនពិបាកលែងឲ្យវាដើរស៊ីពេញ១ថ្ងៃដូចសត្វគោក្របីនោះទេ គឺគ្រាន់តែពេលព្រឹកយើង ប្រលែងវាឲ្យដើរស៊ីប្រមាណ២ទៅ៣ម៉ោង ហើយពេលល្ងាចប្រមាណជា២ម៉ោងទៀតនោះ គឺគ្រប់គ្រាន់សម្រាប់សត្វពពែវាឆ្អែតហើយ។
លោកបន្តថា សត្វពពែវាមិនមានជំងឺអ្វីច្រើននោះទេ គឺមានតែជំងឺអ៊ុតក្តាម និងកើតអង់គែ តែវាមិនពិបាកព្យាបាលនោះដែរ ព្រោះលោកចិញ្ចឹមជាង១០ឆ្នាំមកនេះ មិនទាន់មានងាប់១ក្បាល នៅឡើយទេ។ របរចិញ្ចឹមសត្វពពែនេះ អ្នកខ្លះមើលមកថា សាមញ្ញទេ តែបើអ្នកដឹងវិញនោះគឺ មិនធម្មតាឡើយ បើមានមេពពែចាប់ពី៥ទៅ១០ក្បាលនោះ អាចឲ្យកូនរៀនដល់ចប់មិនភ័យព្រួយឡើយ ក្នុងការផ្គត់ផ្គង់នោះ។ បើបងប្អូនណាចង់ចិញ្ចឹមសត្វពពែ និងរៀនពីវិធីចិញ្ចឹមថែរក្សាវាអោយបានល្អនោះ លោកមានពូជ និងបង្រៀនពីវិធីចិញ្ចឹមដោយឥតគិតថ្លៃឡើយ។
ចំណែកអ្នកស្រី ប៊ុត សារៀម ជាអ្នកចិញ្ចឹមសត្វពពែរស់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង បានប្រាប់ឲ្យដឹងដែរថា លោកបានទិញសត្វពពែពីលោក ម៉ីន ប៊ុនធឿន ចំនួន៦ក្បាលរយៈពេលជាង១ឆ្នាំមកហើយ ដោយលោកបានប្រាប់ពីវិធីថែទាំវា និងប្រាប់ពីការធ្វើទ្រុងក្រាលរនៀបឫស្សីឲ្យខ្ពស់ពីដី ព្រោះអាចការពារវាពីសត្វផ្សេងៗ និងការពារវានៅរដូវទឹកឡើង ទឹកភ្លៀង សត្វល្អិត ប្រសើរជាងការចិញ្ចឹមផ្ទាល់លើដី តែយើងនៅមានជម្រើសមួយផ្សេងទៀតដែរ គឺការចិញ្ចឹមលើផ្ទៃចាក់សាប ស៊ីម៉ង់ត៍ ឬលើដីទួលមួយខ្ពស់ដែលមិនលិចទឹក។
អ្នកស្រីបន្តថា តាមការពិតទៅយើងអាចចិញ្ចឹមពពែនៅលើដីក៏បាន តែត្រូវចាក់ដីត្រង់ទីដែលត្រូវធ្វើទ្រុងឱ្យវានោះឱ្យបានខ្ពស់ជាងដី។ បច្ចុប្បន្នមេ៥ក្បាលដែលបានទិញមកនោះ មានកូនសរុបជាង២០ក្បាលហើយ ហើយលោកនិងប្រកបមុខរបរចិញ្ចឹមសត្វពពែ យកសាច់លក់នេះជាបន្តទៀត ព្រោះវាបានផ្តល់ប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ដែលបានធ្វើឲ្យជីវភាពក្នុងគ្រួសាររបស់លោកបានប្រសើរឡើងបន្ទាប់ពីបានចិញ្ចឹមសត្វពពែនេះមក។
ដោយឡែកលោក យិន អ៊ីម ចៅសង្កាត់សំរោងបានប្រាប់ឲ្យដឹងថា ក្នុងសង្កាត់សំរោងទាំងមូលប្រមាណជា៤ទៅ៥ឆ្នាំមុន មានកសិករចិញ្ចឹមសត្វពពែច្រើនគួរសមដែរ ព្រោះប្រជាពលរដ្ឋនៅធ្វើស្រែ មិនទាន់លក់ដី ដូចនេះសម្បូរស្មៅ និងដើមឈើព្រៃជាច្រើន ដែលងាយស្រួលឲ្យសត្វពពែឲ្យវាស៊ី តែមកដល់បច្ចុប្បន្ន មិនសូវសម្បូរឡើយ ដោយសារឈ្មួញដែលបានទិញដីស្រែ បានចាក់ដីលប់អស់មិនសម្បូរស្មៅ និងព្រៃឈើដូចមុន តែយ៉ាងណាតម្លៃសត្វពពែនៅតែថ្លៃក្នុងសង្កាត់សំរោង៕
អត្ថបទ ៖ ឧត្តរ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ