រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្ដល់វិភាគទាន ចំនួន៣ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់។
ថវិកាទាំងនេះត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្រគល់ជួនលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនថៃ ដែលបានផ្តល់ជំនួយសម្រាប់ស្តារឡើងវិញដល់ខេត្តរងគ្រោះដោយទឹកជំនន់និងចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានចាត់ទុកកាយវិការរបស់រាជរដ្ឋាភិបាលថៃ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីមិត្តភាព សាមគ្គីភាព រវាងកម្ពុជា និងថៃ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កនូវលទ្ធភាពល្អប្រសើរ នឹងបានជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ ដែលជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលភាគីថៃ បានផ្តល់មកដល់កម្ពុជា។
ជាការឆ្លើយតប ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋថៃ ។
យោងតាមទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ ដោយមានប្រជាជនជម្លៀសប្រមាណ១១,៨៩៦គ្រួសារ ស្មើប្រមាណ៤៧,៥៨៤នាក់ ,ប្រជាជនស្លាប់៤៤នាក់ ផ្ទះប៉ះពាល់ប្រមាណ១៣៤,០០៣ខ្នង និងខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តលិចទឹកប្រមាណ៣០៧កន្លែង។
ស្រូវលិចទឹកប្រមាណ២៨៤,៩៦១ហិកតា និងដំណាំរួមផ្សំលិចទឹក៩៧,០២៩ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៦២៧គីឡូម៉ែត្រ ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥ គីឡូម៉ែត្រ , ទំនប់ ប៉ះពាល់ប្រមាណ៤៩គីឡូម៉ែត្រ, ប្រឡាយមេប៉ះពាល់ប្រមាណ២៧១គីឡូម៉ែត្រ, ប្រឡាយរងប៉ះពាល់ប្រមាណ ២៧២គីឡូម៉ែត្រ, ប្រឡាយប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១៤៦គីឡូម៉ែត្រ, ច្រាំងទន្លេ ប៉ះពាល់២១៩៥ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន