ព័ត៌មានជាតិ
ក្រសួងការពារជាតិថា ស្ថានទូតសហរដ្ឋ អាមេរិក កំពុងព្យាយាមបង្កើតបញ្ហាថ្មីបំភ្លៃការពិត នាំឲ្យល្អក់កករដល់ទំនាក់ទំនងយោធារវាងប្រទេសទាំង២
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែមិថុនា នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានចោទប្រកាន់ថា មន្ត្រីយោធាកម្ពុជា ពុំបានផ្ដល់ភាពពេញ លេញដល់ដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យ ក្រសួងការពារជាតិបានយកចិត្តទុកដាក់ រៀបចំឲ្យមានដំណើរទស្សនកិច្ច តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសន្យាជាមួយលោក Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងស្របតាមសំណើរបស់អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ក្រុមការងារសម្រប សម្រួល បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោម ទៅតាមគោលការណ៍ ដែលបានកំណត់ និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួន រួមមាន ជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈ ពេលជាងមួយម៉ោង, ការចុះទៅពិនិត្យមើលអាគារសង់ថ្មី ពីរខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់, ដំណើរពិនិត្យមើលផែ និងនាវារបស់កងទ័ព ជើងទឹក, ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅកោះព្រាប។ ដំណើរទស្សនកិច្ចទាំងមូល ដែលចាប់ផ្តើមពីម៉ោង៩កន្លះ បានអូសបន្លាយអស់រយៈពេលប្រមាណ៣ម៉ោង។

តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំង ប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្នា ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុមការងារបានបដិសេធចំពោះសំណើថ្មីនេះ។ លើសពីនេះទៅ ទៀត អនុព័ន្ធយោធាអាមេរិក ហាក់ បង្ហាញអំពីភាពមានៈ នៅក្នុងការជំនះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាត។

ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យ មានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិ ចាត់ទុកចំណាត់ ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច មានភាពត្រឹមត្រូវ និងប្រកប ដោយ វិជ្ជាជីវៈ ក្រសួងការពារជាតិស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឲ្យគោរពដល់អធិបតេយ្យ និងលក្ខការណ៍ កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិ នឹងពិចារណាយ៉ាងហ្មត់ចត់ តាមករណីនីមួយៗ។

តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែលបានទទួលការអនុញ្ញាតិ គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា ក្នុងពេលបំពេញទស្សនកិច្ច មន្ត្រីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ