Connect with us

ព័ត៌មានជាតិ

ឧទ្យានជាតិគិរីរម្យ នឹងមានធុងសំរាម បង្គន់អនាម័យគ្រប់គ្រាន់ សម្រាប់ភ្ញៀវទេសចរទៅលេង

បានផុស

នៅ

អាជ្ញាធរឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិឧទ្យានជាតិព្រះសុរាម្រិត ឬឧទ្យានជាតិគិរីម្យ កាន់តែមានបរិស្ថានស្អាតស្រស់បំព្រង ខណៈដែលក្រសួងបរិស្ថាន​បានប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯក​ជនជាអ្នក​វិនិយោគ។

កាលពីសប្តាហ៍កន្លងទៅ​ មានប្រជាពលរដ្ឋ​បាន​សម្រុក​ទៅលេង​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​ហើយ​បន្សល់​ទុក​គំនរសំរាមជាច្រើនកន្លែងដែល​​ខ្វះសណ្ដាប់​ធ្នាប់ និង​ការបន្ទោបង់​ពាស​វាលពាលកាលនៅលើខ្នងភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាពេលនេះ ក្រុមហ៊ុនដែលទទួល​បាន​សិទ្ធវិនិយោគពីរាជរដ្ឋាភិបាល ​សហការ​ជាមួយមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការ​នៅ​ទីនោះ​ កំពុង​រៀប​ចំ​​បន្ទប់ទឹក កន្លែងអនាម័យ និងការរៀបចំដាក់ធុងសំរាម ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង​សំណល់រឹង សំណល់រាវឱ្យបានល្អ និងអនាម័យបរិស្ថាន។

ក្រសួងបរិស្ថាន​ក៏អំពាវ​នាវឱ្យប្រជាពល​រដ្ឋប្រកាន់​ភ្ជាប់នូវអនាម័យបរិស្ថាន ដោយ​សូមឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ពេលដែលហូបចុករួចហើយ កុំ​បោះ​ចោលសំណល់ពាសវាល​ពាសកាល​។

លោកនេត ភក្ត្រា លើកឡើងថា” ចំពោះអ្នកទេសចរដែលទៅលេងហើយចោលសំរាមគ្មានសណ្ដាប់ធ្នាប់ គឺអាជ្ញាធរបានណែនាំ និងអប់រំ ផ្សព្វផ្សាយរួចហើយ ប្រសិនបើមានការបោះចោលសំរាម បែប​អនា​ធិបតេយ្យទៀត គឺមន្ត្រីឧទ្យានុរក្ស នឹងធ្វើការផាកពិន័យទៅអ្នក​ដែលបោះចោល​សំរាមទៅ​តាម​ច្បាប់។ ហើយការផាកពិន័យយ៉ាងតិចពី២ម៉ឺនរៀល ដល់១លានរៀល​ទៅតាមកម្រិត​នៃភាព​ធ្ងន់​ធ្ងរ“។

បើតាមលោក នេត ភក្ត្រា ក្រសួងបរិស្ថាន​កំពុងសិក្សាបន្ថែម​អំពីបរិមាណភ្ញៀវ​ដែល​អញ្ជើញ​ទៅ​ទស្ស​នា​នៅឧទ្យាននេះ​ ហើយក្រសួង​នឹងបង្កើនការរៀបចំការទុកដាក់សំរាម និងការបង្កើត​បង្គន់​អនាម័យ​បន្ថែម ដោយសិក្សាទៅលើបរិមាណភ្ញៀវទេសចរដែលអញ្ជើញទៅ ហើយសាងសង់​បន្ទប់ទឹក បង្គន់​អនាម័យឱ្យស្របនឹងបរិមាណភ្ញៀវទេសចរដែលទៅលេង។

លោកនេត ភក្ត្រា បានបញ្ជាក់ឱ្យដឹងថា​ថ្មីៗនេះគេសង្កេតឃើញ​មានប្រជាពលរដ្ឋចាប់​ផ្ដើមធ្វើដំណើរ​ទេសចរទៅតាមតំបន់ទេសចរធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដូច្នេះ ការប្រកាន់យក​នូវអនាម័យ​ ​បរិស្ថានល្អ គឺជាផ្នែកមួយអាចថែរក្សានូវកេរិ៍្តឈ្មោះ តំបន់ធម្មជាតិ ដើម្បីភ្ញៀវ​ទេសចរទៅលេង និងបានចំណូល​សម្រាប់​សហគមន៍។

លោក រស់ សុខ ប្រធានស្ដីទីមន្ទីរទេសចរខេត្តកំពង់ស្ពឺ​បានប្រាប់ដែរថា បន្ទប់ទឹកនៅ​គិរី​រម្យ​គ្មាន​បញ្ហា​នោះទេ ពីព្រោះពេលអ្នក​ទេសចរ​បាន​ទៅដល់គោលដៅ ដូចជាទឹកធ្លាក់ទី១ ទី២ សុទ្ធ​តែ​មាន​បន្ទប់ទឹកល្អស្អាត ប៉ុន្តែលើក​លែង​តែពួក​គាត់ ដើរតាមព្រៃបានពិបាក ដោយសារ​តែមិនទាន់​មាន​បន្ទប់​អនាម័យ​សាធារណ​នៅតាម​ព្រៃ៕

ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម