ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹងធ្វើដំណើរមកទស្សនកិច្ចផ្លូវការដោយផ្ទាល់នៅកម្ពុជាចំនួន២ថ្ងៃ គឺនៅសប្តាហ៍ក្រោយនេះ ខាងមុខនេះ ហើយតាមគម្រោងលោក នឹងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព និងជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយក៏មានគគម្រោងទស្សនកិច្ចនៅមួយចំនួនផងដែរ នេះបើតាមការឲ្យដឹងពីអគ្គស្នងការរដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា ដើម្បីរៀបចំផែនការការពារនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសនេះ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានអង្គរក្ស បានបើកកិច្ចប្រជុំពិភាក្សាមួយ ទាក់ទងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចនេះ ដែលកិច្ចប្រជុំរៀបចំឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងតំណាងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា តែងបានគិតគូរការពារយ៉ាងម៉ត់ចត់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានា ត្បិតកម្ពុជាមិនបានរងនូវការគំរាមកំហែងធ្ងន់ធ្ងរណាមួយក៏ដោយ។ ទន្ទឹមនឹងនេះ អគ្គស្នងការនគរបាលជាតិ ក៏បានពង្រឹងវិធានការការពារយ៉ាងម៉ត់ចត់ គ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដំណើរទេសចរណ៍របស់បរទេសផងដែរ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ផងដែរថា សភាពការណ៍បទល្មើសនៅកម្ពុជា នៅមាន ប៉ុន្តែមិនធំដុំនោះទេ ហើយសន្តិសុខរបស់កម្ពុជា មានសុវត្ថិភាពល្អប្រសើរ។ លោកថា កម្ពុជាមានបទពិសោធន៍ក្នុងកិច្ចការពារ ហើយកម្លាំងមានច្រើនអង្គភាព ធ្លាប់បានឆ្លងកាត់កិច្ចការពារគណៈប្រតិភូធំៗមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនលើករួចមកហើយ។ ម្យ៉ាងវិញទៀត កម្ពុជាក៏បាននឹងកំពុងត្រៀមខ្លួន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលកម្ពុជានឹងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបផងដែរ។
ទន្ទឹមបញ្ហាខាងលើនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងនូវចំណុច ដែលជាបញ្ហាប្រឈមកំពុងកើតមាន គឺបញ្ហាការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកម្ពុជាបានត្រៀមនូវការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព របស់គណៈប្រតិភូផងដែរ ដោយគិតទាំងការមកដល់, ការធ្វើដំណើរ, ការស្នាក់នៅ និងការធ្វើដំណើរបំពេញទស្សនកិច្ចនៅសារមន្ទីរជាដើម។ កម្ពុជាក៏បានត្រៀមយកចិត្តទុកដាក់បម្រើជូនគណៈប្រតិភូ ដោយការគិតគូរសិក្សាអោយបានម៉ត់ចត់ ទាំងផ្នែកសុខាភិបាល ទាំងសុខភាព របស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកុំអោយមានបញ្ហាប៉ះពាល់ណាមួយ។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរ តំណាងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះនគរបាលជាតិកម្ពុជា ដែលបានរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស និងគណៈប្រតិភូ ដោយយកចិត្តទុកដាក់ និងម៉ត់ចត់ ដែលគ្រោងមកបំពេញទស្សនកិច្ច នាពេលខាងមុខ ធ្វើឲ្យខាងស្ថានទូតមានការកក់ក្តៅ។
បើតាមគម្រោងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជាចំនួន២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែមិថុនា ខាងមុខនេះ ដែលតាមគម្រោងលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស គ្រោងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព និងជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា ហើយលោករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ មុននឹងធ្វើដំណើរនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ