ព័ត៌មានជាតិ
មន្ត្រីធនធានទឹក និងឧតុនិយមប្រាប់ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេ
ស្ថានភាពអាកាសធាតុធ្លាក់ភ្លៀង និងកម្ពស់ទឹកទន្លេនៅកម្ពុជា មិនទាន់ជាការព្រួយបារម្ភធ្ងន់ធ្ងរនោះទេ ខណៈដែលទឹកទន្លេបន្តស្រកចុះជារៀងរាល់ថ្ងៃ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃនេះថា (ថ្ងៃសុក្រ) ស្ថានភាពអាកាសធាតុនៅកម្ពុជា មានភាពប្រក្រតីជាមធ្យមច្រើនឆ្នាំ ដែលលោកសំដៅទៅលើទឹកភ្លៀងដែលបានធ្លាក់រ៉ាយប៉ាយ។

អ្នកនាំពាក្យរូបនេះ បន្តថា ចំពោះស្ថានភាពទឹកទន្លេ ក៏មិនទាន់មានអ្វីគួឱ្យព្រួយបារម្ភនោះដែរ ដោយសារតែទឹកនឹងបន្តស្រកចុះបន្ថែមទៀត ខណៈដែលកម្ពស់ទឹកនៅទាបនៅឡើយពោលគឺទើបតែឃើញងើបឡើងបន្តិចដោយសារតែព្យុះនាពេលកន្លងទៅ ប៉ុន្តែឥឡូវនេះ គឺចាប់ផ្ដើមស្រកចុះវិញហើយ ដូច្នេះមិនមានអ្វីជាបញ្ហាចោទនោះទេចំពោះស្ថានភាពទឹកទន្លេ។
លោក ចាន់ យុត្ថា ឱ្យដឹងទៀតថា នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់រ៉ាយប៉ាយដោយសារតែ កម្ពុជាទទួលរងនូវឥទ្ធិពលខ្យល់មូសុងនៅក្នុងកម្រិតបង្គួរ។ លោកថា តំបន់មួយចំនួន អាចមានការប្រឈម នៅក្នុងរយៈពេលខ្លី ដូចជាខេត្តព្រះសីហនុកន្លងមក មានជំនន់នៅតំបន់ទំនាបមួយចំនួន ប៉ុន្តែដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធដកទឹករបស់ខេត្តមានការរៀបចំបានច្រើន ដូច្នេះមិនមានការជន់លិច ដូចឆ្នាំកន្លងមកនោះទេ។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា “ដោយសារឥឡូវនេះ វាមិនមានអ្វីជាជោគជាំធ្ងន់ធ្ងរនោះទេ ខណៈដែលពេលនេះ គឺនៅដើមរដូវវស្សានៅឡើយ ហើយប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ វាជាស្ថានភាពមួយអំណោយផលដល់ដំណាំស្រូវនារដូវវស្សារបស់ប្រជាកសិករ ហើយចំពោះការព្រួយបារម្ភមិនមានអ្វីធ្ងន់ធ្ងរនោះទេ”។
បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទាំងក្នុងប្រទេសថៃ និងឡាវ និងផ្នែកខ្លះនៃប្រទេសវៀតណាម មិនមានភ្លៀងធ្លាក់ច្រើននោះទេ ពោលគឺទឹកបន្តស្រកចុះ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មិថុនា បានប្រកាសថា ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ធ្វើឱ្យបណ្តាខេត្តមួយចំនួនធ្លាក់ភ្លៀងក្នុងកម្រិតតិចទៅមធ្យម៕ ដោយ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី