ព័ត៌មានជាតិ
អេដវីន ត្រូវតុលាការសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន ទោះអតីតសង្សារឈប់ប្តឹងក៏ដោយ ព្រោះជាប់បណ្ដឹងអាជ្ញា
រាជធានីភ្នំពេញ ៖ ទីបំផុត សំណុំរឿងហិង្សាដែលបង្កឡើង ដោយតារាសម្តែង លោកអេដវីន បានវាយទៅលើអ្នកនាងសុទ្ធ បញ្ចកា ដែលជាអតីតសង្សារធ្លាប់រួមរស់នៅជាមួយគ្នា នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បើទោះបីជាបីជាអ្នកនាង សុទ្ធបញ្ចកា ឈប់ប្តឹងប្តល់ក៏ដោយ ។
តារាសម្តែងអេដវីន មានវ័យ២៦ឆ្នាំ ត្រូវតុលាការសម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តិទៅចំណុចផ្ទះលេខ៦៥ ផ្លូវលេខ៦ បុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២២២ និង៤១០ នៃក្រមព្រហ្មទណ្ឌ ។
ជុំវិញករណីនេះ អ្នកនាងសុទ្ធ បញ្ចកា បានសុំបញ្ឈប់ការប្តឹងប្តល់ លោកអេដវីន ប៉ុន្តែលោកនៅជាប់បណ្តឹង២ផ្សេងទៀត ដែលជាប្តឹងរបស់ម្តាយបង្កើតរបស់អ្នកនាងសុទ្ធ បញ្ចកា និងបុរសម្នាក់ទៀតជាមិត្តភក្តិ ដោយលោកអេដវីន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបង្ករបួសស្នាម ។
សូមបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។

តាមពាក្យបណ្តឹងរបស់ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការជាមួយបុរសម្នាក់ រហូតបានកូនស្រី០២នាក់។ ដោយការរស់នៅមិនចុះសម្រុងគ្នា នៅឆ្នាំ២០១៨ ខ្លួនបានលែងលះជាមួយប្តី ដោយចែកកូនស្រីម្នាក់មួយ។ នៅឆ្នាំ២០១៩ ខ្លួនបានចាប់ផ្តើមស្គាល់ យិត មាសឧស្សាហ៍ ហៅ អេដវីន ហើយក៏បានស្រឡាញ់គ្នា និង រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដោយស្នាក់នៅផ្ទះរបស់ អេដវីន។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ពួកខ្លួនតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សាវាយដំមកលើខ្លួន បណ្តាលឲ្យមានស្នាកស្នាមពេញខ្លួនផងដែរ បើសរុបមកដល់ពេលនេះគឺចំនួន ៧ដងមកហើយ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង អេដវីន បានចែកផ្លូវគ្នា និងលែងរស់នៅជាមួយគ្នាជាបន្តទៀត។
ក្រោយបែកគ្នាបាន ០៣ថ្ងៃ អេដវីន បានបង្ហោះសារជាអក្សរតាមបណ្តាញសង្គម ថាខ្លួនមានសាហាយជាមួយអ្នកផ្សេង និងមានការជេរប្រមាថមកលើរូបខ្លួន តែខ្លួនឃើញដូច្នោះក៏មិនតបតដែរ។ ក្រោយមកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខ្លួនបានចូលទៅស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង១០នាទីទាបភ្លឺ ខ្លួនបានវិលត្រឡប់ពីផឹកស៊ីជាមួយមិត្តភក្តិ និងបានពឹងមិត្តម្នាក់ឈ្មោះ រតនា ជួយជូនខ្លួនមកផ្ទះ ពេលនោះខ្លួនស្រវឹងខ្លាំងពេក ក៏បានចូលដេកក្នុងបន្ទប់ លុះមួយសន្ទុះក្រោយមកខ្លួនក៏ភ្ញាក់ឡើង ឃើញមិត្តខ្លួនឈ្មោះ រតនា កំពុងតែវាយគ្នា ជាមួយ អេដវីន ហើយ អេដវីន បានអុកឡុកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាច្រើន។
ដោយមានការភ័យស្លន់ស្លោរ មិនដឹងធ្វើយ៉ាងម៉េច ខ្លួនក៏បានបើកឡានចេញពីផ្ទះមួយជុំ ក៏ត្រឡប់មកវិញ ឃើញពួកគេទាំង២នាក់ ឈប់វាយគ្នា ខ្លួនក៏ហៅ អេដវីន ឲ្យចូលក្នុងផ្ទះ ស្រាប់តែអេដវីន ទះខ្លួនចំនួន ៣ដៃ ហើយច្រានខ្លួន ដួលទៅលើឥដ្ឋការ៉ូ និងដកយកខ្សែក្រវ៉ាត់របស់គាត់ មកវាយលើរូបខ្លួនជាច្រើនខ្សែក្រវ៉ាត់ ត្រូវចំក្បាល ចំដៃ ចំខ្លួន ចំជើង ធ្វើឲ្យខ្លួនឈឺចុកចាប់ជាខ្លាំង។ពេលវាយមកលើខ្លួនរួចហើយ អេដវីន បានចាប់បង្ខំឲ្យខ្លួនរួមភេទ រហូតបានសម្រេច ទាំងខ្លួនកំពុងមានស្នាមរបួសពេញខ្លួន បន្ទាប់មកចាប់បោចសក់ខ្លួន អូសចុះពីកាំជណ្តើដាក់លើម៉ូតូ ដឹកទៅផ្ទះម្តាយខ្លួនមួយទៀត នៅម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដើម្បីឲ្យអ្នកផ្ទះខ្លួនបានដឹង។

លុះរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណរបស់អ្នកនាង បណ្តាលមានរបួសស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់មួយចំនួន។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក យិត មាសឧស្សាហ៍ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស ធ្វើការឃាត់ខ្លួន ហើយក្នុងថ្ងៃជាមួយគ្នានេះផងដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏បានប្តូរចិត្តសុំដកពាក្យបណ្តឹង ឈប់ប្តឹង លោក អេដវីន ដោយមិនទាមទារសំណងអ្វីទាំងអស់។ ព្រមជាមួយគ្នានោះ ដោយ លោក អេដវីន នៅជាប់បណ្តឹង របស់ ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបណ្តឹងរបស់ ឈ្មោះ ហ៊ាង រតនា ពីបទបង្ករបួសស្នាម ផងនោះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីន ទៅកាន់តុលាការដើម្បីផ្តន្ទាទោស។ ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានបញ្ឈប់នូវបំណងដកពាក្យ បណ្តឹងវិញនោះដែរ ដោយអ្នកនាងបានព្យាយាម ស្នើសុំដកពាក្យបណ្តឹងម្តងហើយម្តងទៀត នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។
តែនៅទីបំផុត លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ៕



អត្ថបទ ៖ លីហេង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត