ព័ត៌មានជាតិ
ដីព្រៃជើងភ្នំ១៤ហិកតាដែលម្ចាស់កសិដ្ឋានចិញ្ចឹមចៀមឈូសយកជាកម្មសិទ្ធិ ត្រូវមន្ត្រីជំនាញដកហូតជាសម្បត្តិរដ្ឋវិញ
កំពង់ឆ្នាំង៖ លោក ជួន សំអុល ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំការនៅឃុំក្បាលទឹក ស្រុកទឹកផុស នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា ដីព្រៃឈើតាមជើងភ្នំចំនួន ១៤ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុសដែលម្ចាស់កសិដ្ឋានចិញ្ចឹមចៀម លោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត លួចឆាយ និងព័ទ្ធរបងយកជាកម្មសិទ្ធិថ្មីៗនេះកាលពីថ្ងៃទី២២ ខែមិថុនានេះ។ មន្ត្រីជំនាញបានហៅមកសាកសួរបំភ្លឺនៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំឃុំជៀប ហើយពួកគេទាំង២នាក់កូន និងឪពុក បានស្ម័គ្រចិត្តធ្វើកិច្ចសន្យាប្រគល់ដីដែលបានឈូសឆាយខាងលើនេះ ជូនមកស្នាក់ការការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់គ្រប់គ្រងវិញហើយ។ ប៉ុន្តែថ្ងៃក្រោយបើមានការលួចឈូសឆាយបន្តទៀតបំពានកិច្ចសន្យាខាងលើនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក ជួន សំអុល បានបន្តថា តាមការបំភ្លឺរបស់លោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត បញ្ជាក់ថា ដីខាងលើនេះមួយចំនួនលោកបានទិញពីគេ និងមួយចំនួនទៀតលោកបានដោះដូរពីគេ ទើបលោកឈូសឆាយព័ទ្ធរបងយក។
លោកប្រធានស្នាក់ការដែនជម្រកសត្វព្រៃ បានបញ្ជាក់ទៀតថា ករណីនេះតាមច្បាប់ត្រូវធ្វើការពិន័យនូវការខូចខាតទៀតផង ដូចជាតម្រូវឱ្យដាំដើមឈើឡើងវិញជាដើម។ តែនេះតាមការសម្របសម្រួល និងការភ្ញាក់រលឹកស្ម័គ្រចិត្ត ទើបមន្ត្រីជំនាញគ្រាន់តែសំណូមពរលោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត ឱ្យបោះរបងព័ទ្ធដីរបស់ខ្លួនដែលមានប័ណ្ណឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងកិច្ចការពារគ្រប់គ្រងដែនជម្រកសត្វព្រៃរបស់រដ្ឋ។
ដោយឡែក លោក ឡេង សំអេត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឆ្លើយបញ្ជាក់តាមទូរសព្ទនៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះយ៉ាងខ្លីថា អ្នកកាសែតចង់ដឹងច្រើនម៉្លេះ រឿងនេះលោកបានមានចំណាត់ការតាមផ្លូវច្បាប់ និងបានរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីរួចហើយ។

ទាក់ទងនឹងចំណាត់ការខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរិះគន់ថា គេលួចឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋអស់ជាច្រើនហិកតាប៉ុណ្ណឹងហើយបែរជាចំណាត់ការគ្រាន់ធូររលុង គ្រាន់តែដកហូតដីមកវិញ និងធ្វើកិច្ចសន្យាបញ្ចប់ទៅវិញយ៉ាងរលូន ដោយមិនធ្វើការផាកពិន័យ ឬដាក់ទោសទណ្ឌអ្វីឡើយ។ ចំណាត់ការបែបនេះដូចជាធូរស្រាលពេកហើយមិនត្រឹមត្រូវនោះទេ។ ដូចនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយធ្វើអធិការកិច្ចក្នុងករណីខាងលើនេះតាមផ្លូវច្បាប់ផង ដើម្បីជាការព្រមានកុំឱ្យជនខិលខូចដទៃ ទៀតយកគំរូតាម។ ដូចជារឿងនេះបើអ្នកកាសែតចុះផ្សាយទើបជំនាញចាត់ការ តែបើអ្នកកាសែតមិនចុះផ្សាយទេនោះគឺស្ងាត់ជ្រាបរហូត។
រឿងដោយឡែកមួយទៀតប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹក និងនៅក្នុងឃុំអមលាំង សំណូមពរដល់ស្ថាប័នថ្នាក់ជាតិ មេត្តាជួយអន្តរាគមន៍ លើការស្នើសុំជួសជុលផ្លូវប្រវែង ៤គីឡូម៉ែត្រ ដែលម្ចាស់កសិដ្ឋានចិញ្ចឹមជៀមទាំង២នាក់ខាងលើបានបិទ ផ្លូវអស់រយៈពេលជាង៥ឆ្នាំកន្លងមក។ ព្រោះផ្លូវចាស់ដែលអាជ្ញាធរបានបើកឡើងវិញនៅក្នុងឆ្នាំ២០២០នោះ មួយចំនួនបានដុះព្រៃខ្ពស់ៗមិនអាចធ្វើដំណើរបាន និងផ្លូវចាស់មួយចំនួនត្រូវបានម្ចាស់កសិដ្ឋានខាងលើដាំដំណាំ និងសង់សំណង់រឹង។ ចំណែកផ្លូវថ្មីដែលម្ចាស់កសិដ្ឋានខាងលើបានកសាង និងកំពុងធ្វើដំណើររៀងរាល់ថ្ងៃនោះ គឺគេបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានឡើយ។

ឯសំណើសុំជួសជុលផ្លូវចាស់របស់ប្រជាពលរដ្ឋបានដាក់ជូនអាជ្ញាធរស្រុក និងខេត្តជិតមួយឆ្នាំហើយ គឺអាជ្ញាធរស្រុក និងខេត្តមិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋជួសជុលផ្លូវចាស់ប្រើប្រាស់វិញនៅឡើយទេ។
អត្ថបទ៖ ឈៀងថារិទ្ធ






-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច