ព័ត៌មានជាតិ
ពលរដ្ឋដែនកោះ និងតំបន់ដាច់ស្រយាលនៅខេត្តកោះកុង បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ស្ទើរតែគ្រប់គ្នា
កោះកុង៖ ប្រជាពលរដ្ឋរស់នៅតាមដែនកោះ និងដីគោកឆ្ងាយដាច់ស្រយោលពីទីប្រជុំជនក្នុងខេត្តកោះកុង បានទទួលការចាក់វ៉ាក់សាំងបង្ការការពារជំងឹកូវីដ-១៩ ស្ទើរតែគ្រប់គ្នាៗហើយ ក្រោមឆន្ទៈដ៏មុតស្រួចរបស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ។

៥ថ្ងៃហើយដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ របស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិដឹកនាំពិនិត្យសម្របសម្រួលរបស់នាយឧត្តមសេនីយ៍ ប៊ុន លីត រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអ្នកខេត្តកោះកុងបានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ដោយមិនឱ្យពលរដ្ឋណាម្នាក់អត់វ៉ាក់សាំងចាក់ឡើយ។
ចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ថ្ងៃទី២៨ មិថុនា នេះ ប្រជាពលរដ្ឋរស់នៅដែនកោះ និងតំបន់ឆ្ងាយដាច់ស្រយោលដែលពឹងទៅលើតែការនេសាទ ធ្វើកសិកម្ម ព្រមទាំងស្វែងអនុផលព្រៃឈើតាំងពីដូនតាក្នុងស្រុកចំនួន៥ មានស្រុកថ្មបាំង ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមា និងស្រុកគិរីសាគរ សុទ្ធសឹងទទួលវ៉ាក់សាំងដូសទី១គ្រប់គ្នាហើយ។
លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់លោកបានបិទបញ្ចប់កាលពីថ្ងៃទី២៧ មិថុនា ម្សិលមិញរួចរាល់ហើយ ដោយមានពលរដ្ឋ ៣,៣០១នាក់ ដែលប្រព្រឹត្តទៅចំនួន៤ទីតាំងទូទាំងស្រុក។ ក្នុងនោះក៏មានអ្នកពុំបានចាក់វ៉ាក់សាំងដែរ ព្រោះតែកំពុងធ្វើចត្តាឡីស័កប្រមាណ៨០នាក់ និងមួយចំនួនទៀតមានជំងឺប្រចាំកាយជាដើម។

លោកអភិបាលស្រុកថ្មបាំង ចាត់ទុកការទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលនេះ ជាក្តីសង្ឃឹមមួយដែលអាចរួចផុតពីអត្រាឆ្លងជំងឺកូវីដបានកម្រិតខ្ពស់ តែលោកនៅតែតម្រូវឱ្យពលរដ្ឋបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីធានាសុវត្ថិភាពក្នុងមូលដ្ឋាន។ ពលរដ្ឋបានចាក់វ៉ាក់សាំងដូសទី១រួចហើយ ១៤ថ្ងៃក្រោយនឹងចាក់ដូសទី២ម្តងទៀត។
លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង បានឱ្យដឹងថា ភាគច្រើនពលរដ្ឋរស់នៅដែនកោះប្រមាណ ៤,១១១នាក់ ក្នុងនោះមានស្រី២,០០០នាក់ បានចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ។ ចំពោះពលរដ្ឋដែលធ្វើចត្តាឡីស័ក និងពលរដ្ឋមិនទាន់អាចចាក់វ៉ាក់សាំងមានចំនួន១១១នាក់។ ទោះយ៉ាងណាសម្រាប់អ្នកដែលអនុវត្តការធ្វើចត្តាឡីស័ក១៤ថ្ងៃហើយ រដ្ឋបាលស្រុកកោះកុង នឹងរៀបចំមណ្ឌលចាក់ជាថ្មីនៅឃុំតាតៃក្រោម នៅថ្ងៃស្អែកទី២៩ មិថុនា ខាងមុខ។
លោកស្រីអភិបាលរងស្រុកកោះកុង ថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពប្រជាពលរដ្ឋតាមរយៈផ្តល់វ៉ាក់់សាំងឱ្យគ្រប់ៗគ្នា ទោះបីជាស្ថានភាពផ្លូវគោក និងផ្លូវទឹកពិបាកធ្វើដំណើរដោយឆ្លងកាត់ព្យុះភ្លៀងយ៉ាងណាក៏ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធបានជួយសម្របសម្រួលប្រកបដោយជោគជ័យ។ ពលរដ្ឋដែនកោះ ក៏ប្រឈមនឹងការឆ្លងជំងឺកូវីដណាស់ដែរ ដោយពួកគាត់ត្រូវធ្វើមកលក់ផលនេសាទ ឬទិញទំនិញផ្សេងៗដើម្បីយកទៅលក់ដូរបន្តនៅក្នុងមូលដ្ឋាន។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គូសបញ្ជាក់ដែរថា ពលរដ្ឋក្នុងឃុំថ្មស និងឃុំតានូនប្រមាណ ៤,៨៩០នាក់ ក៏បានទទួលវ៉ាក់សាំងពីក្រុមគ្រូពេទ្យ ក្រសួងការពារជាតិរួចរាល់ហើយដែរ គិតត្រឹមថ្ងៃទី២៧ មិថុនាម្សិលមិញ។ ពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងមាននៅ ឃុំអណ្តូងទឹក និងឃុំកណ្តោល បើគិតត្រឹមម៉ោង១១និង៣០ថ្ងៃទី២៨ មិថុនានេះមានចំនួន ២,៧៩០នាក់បានចាក់រួច។
បើតាមលោកអភិបាលស្រុកបូទុមសាគរ ក៏មានអ្នកសេសសល់មួយចំនួនតូចដែលពុំទាន់ចាក់ ដោយសារតែកំពុងជាប់ធ្វើចត្តាឡីស័ក អ្នកព្យាបាលជំងឺកូវីដនៅមណ្ឌល និងអ្នកមានជំងឺរ៉ៃរំាមិនអាចចាក់បាន។ អ្វីដែលគួរជាមោទនភាព គឺមានពលរដ្ឋម្នាក់ឈ្មោះ សូ សយ ភេទប្រុស ជាជនពិការជើងរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ត្រូវបានចាក់ទុកថាពលរដ្ឋបានចាក់វ៉ាក់សាំងលេខរៀងទី៤លាននាក់ បានទទួលថវិកា១០លានរៀល។
ចំណែកឯលោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ អះអាងដែរថា ពលរដ្ឋប្រុសស្រីសរុប ៥,៩០៧នាក់ ក៏បានទទួលវ៉ាក់សាំងបង្កកូវីដពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ សម្រាប់ពលរដ្ឋដែនកោះ គឺឃុំកោះស្តេច មាន១,៧៥៨នាក់។

លោកអភិបាលស្រុកគិរីសាគរ ក៏បន្ថែមដែរថា មានពលដ្ឋខកខានពុំបានចាក់ ព្រោះជាស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាកកូន និងអ្នកជំងឺប្រចាំកាយ។ រីឯខ្លះបានទៅចាក់នៅតាមបណ្តាស្រុកផ្សេងក្នុងខេត្ត ហើយខ្លះទៀតចំណាកស្រុកទៅធ្វើការនៅខេត្តដទៃ និងទៅនេសាទសមុទ្រ។
មិនខុសពីអភិបាលស្រុកខាងលើទេ លោក ចេង មុន្នី សូមថ្លែងអំណគុណជូនចំពោះសម្តេចតេជោ និងក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋពេលវេលាទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋគ្រប់រូបបានទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត