ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន ផ្សារមោងឬស្សី ក្រោយរកឃើញអាជីវករវិជ្ជមានកូវីដ-១៩ ចំនួន ៤ នាក់
អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់បណ្ដោះអាសន្ន នៅផ្សារមោងឫស្សី ស្ថិតក្នុងស្រុកមោឫស្សី ខេត្តបាត់ដំបង ក្រោយក្រុមគ្រូពេទ្យបានរកឃើញអាជីវករលក់ដូរ ក្នុងផ្សារមួយនេះបានឆ្លងជំងឺកូវីដ១៩ មានដល់៤ករណី។
ស្របពេលបិទខ្ទប់នេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលឲ្យចូលខ្លួនមកជួបគ្រូពេទ្យឬតាមរយៈឲ្យដំណឹងដល់អាជ្ញាធរដែនដី ដើម្បីចូលខ្លួនមកធ្វើចត្តាឡីស័កទប់ស្កាត់ការឆ្លងរីករាលដាលតគ្នា ក្នុងសហគមន៍ដោយមិនដឹងខ្លួន ខណៈដែលក្រុមគ្រូពេទ្យរកឃើញ៤ករណី ក្នុងផ្សារមោងឫស្សី ហើយនៅមិនទាន់ដឹងប្រភពចម្លងច្បាស់លាស់នៅឡើយ។

អាជ្ញាធរស្រុកបានឲ្យដឹងថា អាជីវករលក់ដូរនៅផ្សារមោងឫស្សីទាំង៤នាក់ ដែលក្រុមគ្រូពេទ្យបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្នុងនោះស្ត្រីជាអាជីវករលក់ពងទានិងប្ដីប្រពន្ធលក់សម្លៀកបំពាក់រួមទាំងកូនស្រីម្នាក់ផង ហើយពួកគេក៏ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងអនុវិទ្យាល័យមោងឫស្សីរួចរាល់ហើយដែរ ដោយអាការៈរបស់ពួកគេធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។



ស្របពេលចុះផ្សព្វផ្សាយពីការបិទខ្ទប់ផ្សារមោងឫស្សីនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានលើកឡើងថា ការបិទខ្ទប់នេះប្រព្រឹត្តិទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែមិថុនានេះតទៅ ដោយមិនឲ្យអាជីវករលក់ដូរទាំងនៅក្នុងផ្សារនិងនៅក្រៅបរិវេណផ្សារ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈអាជ្ញាធរកំពុងស្វែងរកបន្ថែមអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៤ករណីខាងលើនេះ។ លោកបានបន្តថា អ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់នោះ មិនទាន់ដឹងប្រភពចម្លងពីខាងណាច្បាស់លាស់នោះទេ គ្រាន់តែដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា មានពលរដ្ឋវិជ្ជមានកូវីដ១៩ម្នាក់ មុនអាជ្ញាធរនិងមន្ត្រីសុខាភិបាលរកឃើញឆ្លងបានដើរចូលផ្សារមោង ដើម្បីទិញឥវ៉ាន់ហើយមិនដឹងថា រូបគេបានប៉ះពាល់ជាមួយមនុស្សប៉ុន្មានអ្នកនៅឡើយនោះដែរ។


គិតចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង គឺមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន៥១៧នាក់ ស្លាប់ចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣១៨នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨៤១នាក់ គឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញចំនួន២៨នាក់ថ្មីបន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន១០នាក់៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត