ព័ត៌មានជាតិ
សម្តេចតេជោលើកទស្សនៈ៥ ចំណុច ក្នុងកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំបក្សនយោបាយ អាស៊ាន-រុស្ស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែមិថុនា នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្តាប្រទេសអាស៊ាន-រុស្ស៊ី ក្រោមប្រធានបទ “តួនាទី និងការទទួលខុសត្រូវ នៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលកិច្ចពិភាក្សានេះ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដឹកនាំដោយលោក ឌីមេទ្រី មេដវេឌេវ ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។

ថ្លែងនៅក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើង នៃនិន្នាការឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យ នៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត។
ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែង រវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្តង ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះនៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់សាំងកូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ។
ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ។ ភាពមិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ ។
ស្ថិតក្នុងស្ថានការណ៍នេះ សន្និសីទតុមូលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការបញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដែរថា ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន។ ជាការពិត រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ជាមួយគ្នានេះ រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី៨ ។
ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈមួយចំនួនរួមមាន៖
១.យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង។
២. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។
៣. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និងការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោល ការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជាគោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។
៤. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង។
យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។
៥.ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ “ម៉ារ៉ាតុងវប្បធម៌” ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង “ច្រករបៀងវប្បធម៌” ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែសីហា ឆ្នាំ២០២១ នេះតទៅ។
កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត