Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា នឹង​បិទ​ជា​ផ្លូវការ​នៅ​ខែធ្នូ​ខាងមុខ​

បានផុស

នៅ

ការប្រកាស​អំពី​ការបិទ​ស្ថានទូត​ជា​ផ្លូវការ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប្យ៊​ន ហេ​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាសលោក​ត្រូវ​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក ប្យ៊​ន ហេ​ម៉ាក បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង អំពី​ការងារ​ពាក់ព័ន្ធ​នឹង​ការបញ្ចប់​តួ​នា​ការទូត​របស់លោក​នៅ​កម្ពុជា ទន្ទឹមគ្នា​នឹង​ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​តម្រូវឱ្យ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បិទ​ជា​ផ្លូវការ​នៅ​ខែធ្នូ​ខាងមុខនេះ​។ លោក​បន្តថា ទោះបី​ជាមាន​ការបិទ​ស្ថានទូត ប៉ុន្តែ​ប្រទេស​ស៊ុយអែត នៅតែ​បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ការងារ​ឧ​ត្ត​មសិ​ក្សា ស្រាវជ្រាវ និង​វប្បធម៌ ហើយ​ថា ការងារ​បន្ត នឹង​ទទួល​អនុវត្ត​ដោយ​ស្ថានទូត​ស៊ុយអែត នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

​ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរាជទូត ក៏បាន​សម្ដែង​ការ​កោតសរសើរ​វិធាន​ការ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការខិតខំ​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ និង​ការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​នៅក្នុង​ពន្ធនាគារ​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​លើកឡើង​អំពី​សំណូមពរ​២​ដល់​កម្ពុជា ទី​១, គឺ​ស្នើ​បង្កើត​កុងស៊ុល​កិត្តិយស ដោយ​លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក​កំពុង​រង់ចាំ​ការយល់ព្រម​ពី​ភាគី​កម្ពុជា ដើម្បី​បង្កើត​ជា​ស្ថាន​កុងស៊ុល​កិត្តិយស ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ស៊ុយអែត ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​។​

​ទី​២, លោក​បាន​ជម្រាបជូន​ថា ប្រជាពលរដ្ឋ​ស៊ុយអែត នៅ​កម្ពុ​ជាមាន​ការ​លំបាក​ក្នុង​ការបន្ត​ទិដ្ឋាការ​របស់ខ្លួន ដោយសារ​លិខិតឆ្លងដែន​ជិត​ផុតកំណត់ ហើយ​ស្ថានទូត​នៅ​កម្ពុជា មិនអាច​ទទួល​សំណើរ​ធ្វើលិខិត​ឆ្លងដែន​បាន ដោយ​តម្រូវឱ្យ​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក ដើម្បី​ដាក់សំណើ​ស្នើសុំ​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បាន​ជម្រាប​ជូន​សម្ដេច​ថា ជា​ដំណោះស្រាយ ស្ថានទូត​ស៊ុយអែត​នៅ​កម្ពុជា​បាន​អនុវត្ត​វិធានការ​បណ្ដោះអាសន្ន ដោយ​ដាក់ចេញ​ទម្រង់​លិខិតឆ្លងដែន​ថ្មី​ជូន​ពួកគាត់​។ លោក​ស្នើសុំ​ភាគី​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុញ្ញាត​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលរដ្ឋ​ស៊ុយអែត ដោយ​ទទួល​នូវ​ទម្រង់​លិខិតឆ្លងដែន​ថ្មី ដែល​បានចេញ​ជា​បណ្ដោះអាសន្ន​នេះ​។​

​ឆ្លើយតប​នឹង​សំណើ​ទី​១ របស់​ឯកអគ្គរាជទូត សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ពិនិត្យ និង​ធ្វើការ​លើ​រឿងនេះ ហើយ​ពាក់ព័ន្ធ​នឹង​សំណើរ​ទី​២ សម្ដេច​បាន​បន្តថា នឹង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ធ្វើការ​ងារ​នេះ​ជាមួយ​សហការី ដើម្បី​ឆ្លើយតប​ទៅ​ស្ថានទូត​។​

​នាឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែល​ភាគី​កម្ពុជា និង​ស៊ុយអែត ត្រូវ​បន្ត​ជាមួយគ្នា​ទៀត គឺ​ការងារ​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ និង​ការអនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា​ការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​ជាដើម​។ សម្ដេច​បន្តថា កន្លងមក​ស៊ុយអែត បាន​ចូលរួម​ក្នុង​ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា ហើយ​ថា ស៊ុត​អែ​ត ជា​ប្រទេស​មានបទពិសោធន៍​ច្រើន​លើ​ការងារ​កំណែទម្រង់​នេះ ពិសេស​សម្ដេច​ផ្ទាល់​ក៏បាន​អញ្ជើញ​ទស្សនកិច្ច​ផ្ទាល់​នៅ​ប្រ​ទេ​ស៊ុយអែត ដើម្បី​ស្វែងយល់​លើ​ការងារ​កំណែទម្រង់​នេះ​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ថា សម្រាប់​កម្ពុជា ទោះ​គោលដៅ​កំណែទម្រង់​មិនទាន់​សម្រេចបាន​ទាំងស្រុង ប៉ុន្តែ​បាន​បោះ​ជំហាន​ទៅមុខ​ជាប្រចាំ និង​ទទួល​បាន​លទ្ធផល​តាម​ការរំពឹងទុក ជាក់ស្ដែង​កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ​ផែនការ​១០​ឆ្នាំ ដំណាក់កាល​ទី​២​ជុំវិញ​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ចំពោះ​ការងារ​អនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន​ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ហា​គ្រឿងញៀន និង​ការ​ប្រឆាំង​ភេ​វរ​កម្ម ស​ម្ដេច​ក្រឡាហោម បាន​ស្នើ​សុំ​ភាគី​ស៊ុយអែត ពិនិត្យ​លទ្ធភាព​បន្ត​ព​ង្រឹ​ការងារ​នេះ​ជាមួយ​ភាគី​កម្ពុជា​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប ឯកអគ្គរាជទូត​ស៊ុយអែត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ក្រឡាហោម ដែល​បានលើកឡើង​អំពី​ការងារ​កំណែទម្រង់ និង​បាន​បន្ត​ថា ស៊ុយអែត ពិត​ជា​មាន​មោទកភាព ដែល​បាន​គាំទ្រ​កម្ពុជា​បង្កើត​ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​កំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។

​ចំពោះ​សំណើ​សម្ដេច ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​នគរបាល និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក​បាន​ជម្រាប​សម្ដេច​ថា នឹង​នាំ​សំណើ​នេះ​ជូន​រដ្ឋាភិបាល​ស៊ុយអែត និង​បាន​អះអាង​ថា​​ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ពិតជា​មាន​សារៈសំខាន់ ពិសេស​បទល្មើស​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម