ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ប្រាប់អ្នករាយការណ៍ពិសេស UN ថា លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា កាលពីរសៀលនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

បើតាមក្រសួងការបរទេស កិច្ចពិភាក្សា រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនជាមួយលោក Vitit Muntarbhorn បានផ្តោតលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ជំងឺកូវីដ១៩ និងផលវិបាករបស់វា និងសិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។
នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានសម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជា នៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់ សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែលបានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរ លើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងគំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដោយសង្ខេប ស្តីពីវិធានការហ្មត់ចត់ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម លើជនងាយរងគ្រោះ។

ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាល គឺធានាសិទ្ធិរស់រានមានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។ ជាការឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃនៅកម្ពុជា។
ទាក់ទងប្រជាធិបតេយ្យ និងពលរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ។
យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់។
ការចោទ ប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។
សូមបញ្ជាក់ថា ជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន នាពេលនេះ គឺជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកបានជួបជាមួយបណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិរបស់លោក។
អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខា ភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។
លោកសាស្រ្តាចារ្យ វិទិត បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលឲ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយការ ស្ថាបនា ដែលបង្ហាញពីការផ្តល់កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?