ព័ត៌មានជាតិ
ក្រសួងការបរទេសផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និង ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី។
កិច្ចប្រជុំបានផ្តល់នូវឱកាសដើម្បីពិនិត្យនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក និងតាមដានលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។ រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹងនិម្មាបនកម្មតំបន់ និងបានរំលឹកឡើងវិញនូវទស្សនៈរួមគ្នាអំពីសារៈសំខាន់នៃការពង្រីក ទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើបញ្ហាដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួម ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។
អំពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្ត្រីអាស៊ានបានលើកទឹកចិត្តដល់ ប្រទេសរុស្ស៊ីឲ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាឲ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការ ស្ដារឡើងវិញក្រោយជំងឺរាតត្បាតឲ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត។
កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃមជ្ឈភាពរបស់អាស៊ាន និងបានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិម្មាបនកម្មតំបន់ដោយយកអាស៊ានជាស្នូល ដែលបើកចំហ មានតម្លាភាពបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ រដ្ឋមន្ត្រីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ នៃយន្តការដឹកនាំដោយអាស៊ានដែលមានស្រាប់ ជាពិសេស កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ។
រដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការអនុវត្តផែនការ សកម្មភាព ឆ្នាំ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅខែតុលា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី។
នៅក្នុងកិច្ចប្រជុំនេះ លោឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីចំណងមិត្តភាព យូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែល បានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។
នៅក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញ ទៅមក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ ជា “ឆ្នាំ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ាន-រុស្ស៊ី”។
កិច្ចប្រជុំបានស្វាគមន៍ការបញ្ចប់ការចរចារលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញនូវអាទិភាព និងវិធានការណ៍ ដើម្បីធ្វើឲ្យកាន់តែរឹងមាំនូវភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ រដ្ឋមន្ត្រីអាស៊ាន និងរុស្ស៊ី នឹងមានជំនួប ម្តងទៀតនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅខែសីហា ឆ្នាំ២០២១ ដែលក្រោយកិច្ចប្រជុំនោះ កម្ពុជានឹងទទួលភារកិច្ចបន្តពីប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រទេសសម្រប សម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ (ចាប់ ផ្ដើមពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤) ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២១ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី