Connect with us

ព័ត៌មានជាតិ

ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ឃាត់​គ្រឿងចក្រ​៥​គ្រឿង​របស់​ក្រុមហ៊ុន​មួយ​ដែល​ឈូសឆាយដី​គម្រប​ព្រៃឈើ​ជិត​៤០​ហិច​តា

បានផុស

នៅ

កំពង់ធំ ​៖ គ្រឿងចក្រ​ចំនួន​៥​គ្រឿង របស់​ក្រុមហ៊ុន​គ្រួសារ​សុខសាន្ត ដែល​កំពុងតែ​ធ្វើ​សកម្មភាព ឈូសឆាយដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែលជា​ដីព្រៃ​អភិរក្ស​រក្សាទុក​របស់​រដ្ឋ ត្រូវបាន លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាង​ឯកឧត្តម ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ ម​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង រួមជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង​ចុះបង្ក្រាប ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ ត្រូវបាន​គេ​កត់សម្គាល់ថា គឺជា​ល្បិច​ក​ន្ទេ​ស​ធំ​បន្លំ​ដេក ដែល​បាន​យក​គ្រឿងចក្រ មក​ឈូស​ដីព្រៃ​របស់​រដ្ឋ ចំនួន​៥​គ្រឿង ក្នុងនោះ​មាន​អ៊ិ​ច​ស្កា​វ​ទ័​រ​២​គ្រឿង អា​ប៊ុល​២​គ្រឿង និង​ត្រាក់ទ័រ​មួយគ្រឿង ចំណែក​តៃកុង​គ្រឿងចក្រ​ត្រូវបាន​រត់​ខ្ចាត់ខ្ចាយ​អស់ បន្សល់​តែ​គ្រឿងចក្រ​នៅ​និង​ទីតាំង​ឈូសឆាយ ​ត្រូវបាន​កម្លាំងចម្រុះ​ឃាត់ និង​នាំយកមក​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង។

មហាជន​អបអរសាទរ ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់ របស់​ឯកឧត្តម​ព្រះរាជអាជ្ញា ដែល​បាន​ការពារ​ទប់ស្កាត់ ការរំលោភបំពាន រុករាន​ដីព្រៃ​របស់​រដ្ឋ របស់​ក្រុមហ៊ុន​គ្រួសារ​សុខសាន្ត បន្លំ​ឈូស​ព្រៃ​អភិរក្ស លើសពី​ការស្នើ​សុំ​វិនិយោគ ដែល​ត្រូវបាន​ប្រភព​ទម្លាយ​ថា ក្រុមហ៊ុន​សុំច្បាប់​វិនិយោគ​ត្រឹមតែ ៧០​ហិច​តា​ដើម្បី​ពុះ​ឡូ និង​ដាំដូង​ក្រអូប លក់ ក្នុងនោះ​មាន​ដីព្រៃ​ជាប់​គម្រប​៤០​ហិច​តា ដី​មិន​ជាប់​គម្រប​៣០​ហិច​តា តែ​ជាក់ស្តែង​ក្រុមហ៊ុន​បាន ឈូសឆាយ​ដីព្រៃ​សរុប ដល់​ទៅ ជាង​២០០​ហិច​តា​ឯណោះ​។

​លោកស្រី យុក គឹម​ឡេង ( ហៅ​ចែ​អូន ) រស់នៅ​ស្រុក​ស្ទោង ដែលជា​ឈ្មួញ​ដី​ជាប់​លំដាប់ បាន​ឲ្យ​ដឹង​តាម ប្រ​ព័​ន្ធ​តេ​ឡេ​ក្រាម​ថា ប្រវត្តិ​ដី​នេះ លោកស្រី​បាន​ទិញ​ក្នុង​ឆ្នាំ ២០០៧ ហើយ​មកដល់​បច្ចុប្បន្ន​បាន​លក់​បន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​គ្រួសារ​សុខសាន្ត តែ​មិនដឹងថា ក្រុមហ៊ុន​រត់ការ​សុំ​ឈូសឆាយ​ដល់​ត្រឹមណា​នោះទេ លោកស្រី​ក៏​មិនដឹង​ដែរ​។

ចម្ងល់​មហាជន​បាន​ចោទ​សួរ​ថា តើ​លោកស្រី​ទិញ​ដីព្រៃ​នេះ​មកពី​អ្នកណា បើជា​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​បាន​ប្រកាស​ដោយ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ហើយ​នៅក្រោម​ការគ្រប់គ្រង​រប​ស់ អាជ្ញាធរ​ស្រុក​ស្ទោង និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង តែ​លោកស្រី យុក គឹម​ឡេង បែរជា​ទិញ​ឆ្នាំ​២០០៧ តើ​មេព្រៃ​លក់ ឬ​អភិបាលស្រុក​លក់ ឬ​អង្គភាព​ខាង​ណា​លក់ បើ​ដឹង​ច្បាស់​ថា​ ជា​ដី​អភិ​រក្សា​របស់​រដ្ឋ តែ​បែរជា​មករ​លាយ​ក្នុង​ឆ្នាំ ២០២១​ទៅវិញ​។

លោក​ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ ទទួលបន្ទុក​ផ្នែក​ការពារ​បង្ក្រាប​ព្រៃឈើ និង​នេសាទ បាន​ឆ្លើយ​បដិសេធ មិនដឹង​ពី​ការ​ឈូសឆាយដី​របស់​ក្រុមហ៊ុន​គ្រួសារ​សុខ​សា​សន្ត​ឡើយ ចំណែក​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក​និង​ចុះ​ស្រាវជ្រាវ​ឲ្យ​លំ​អិតពី បញ្ហា​ឈូសឆាយ​ដីព្រៃ​នេះ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម