ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការឆ្លើយតបរបស់ក្រសួងព័ត៌មាន ទៅរដ្ឋបាលខេត្តកណ្ដាល អាចជាសារមួយដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់
ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ បានឆ្លើយតបទៅកាន់រដ្ឋបាលខេត្តកណ្ដាល ករណីស្នើសុំ គោ ល ការណ៍ ចាត់វិធានការតាមច្បាប់លើអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យ ប៉ះពាល់ការអនុវត្តការងារ តាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។
ការស្នើសុំរបស់រដ្ឋបាលខេត្តកណ្ដាលខាងលើនេះ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មានបំផ្លើស ព្រមទាំងមិនគោរពកាតព្វកិច្ច របស់អាជ្ញាធរមូលដ្ឋានថែមទៀត។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៧ ខែកក្កដានេះថា លិខិតដែលក្រសួងព័ត៌មាន បានឆ្លើយតបទៅកាន់ រដ្ឋបាលខេត្តកណ្ដាលនោះ គឺបានបញ្ជាក់អំពីសិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅក្នុងការចុះទៅយកព័ត៌មាន ក៏ដូចជាការផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ដោយផ្អែកទៅលើ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឈរទៅលើគោលការណ៍ នៃក្រមសីលធម៌ជាអ្នកសារព័ត៌មាន។
ទន្ទឹមនឹងនេះ នៅក្នុងលិខិតរបស់ក្រសួងព័ត៌មានដដែល ក៏បានបញ្ជាក់ផងដែរ អំពីកាតព្វកិច្ចរបស់ អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់ដែលបានកំណត់ ផងដែរ។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ការឆ្លើយតបរបស់ក្រសួងព័ត៌មាននោះ គឺចង់បញ្ជាក់អំពីតួនាទីរបស់អ្នកសារព័ត៌មាន ក៏ដូចជាតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់ដែលបានកំណត់។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា «ការឆ្លើយតបរបស់ក្រសួងព័ត៌មាន ទៅកាន់រដ្ឋបាលខេត្តកណ្ដាលនេះ ក៏អាចជាសារ ឬក៏ថាជាព័ត៌មានមួយ ដើម្បីជម្រាបជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ឲ្យអនុវត្តទៅតាមអ្វីដែលជាតួនាទីភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យ។ ចឹងនៅក្នុងលិខិតហ្នឹង បានបញ្ជាក់អំពីការអនុវត្តតួនាទីរបស់សមត្ថកិច្ច នៅពេលដែលខ្លួនកំពុងតែអនុវត្តន៍ តួនាទីភារកិច្ចរបស់ខ្លួន ដោយមានសិទ្ធិគ្រប់គ្រាន់នៅក្នុការអនុវត្ត ហើយទន្ទឹមនឹងនោះ ក៏បានបញ្ជាក់អំពីតួនាទីរបស់អ្នកសារព័ត៌មានដែរ ក្នុងករណីដែលសមត្ថកិច្ច កំពុងតែអនុវត្តតួនាទីភារកិច្ច របស់ ខ្លួននៅកន្លែងណាមួយ ដែលសមត្ថកិច្ចហាមឃាត់ ឬមិនអនុញ្ញាតឲ្យចូលយកព័ត៌មាន ឬក៏ផ្សព្វផ្សាយព័ត៌មាន ធ្វើយ៉ាងណាអ្នកសារព័ត៌មាននោះ ត្រូវគោរពទៅតាមការណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ច ពីព្រោះថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានដែលមិនមានប្រភព គ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ ឬក៏ហេតុការណ៍ណាមួយនោះ វាអាចជះឥទ្ធិពល ឬក៏វាអាចនាំឲ្យប៉ះពាល់ទៅដល់ការអនុវត្ត ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាអាចបង្កជាគ្រោះថ្នាក់ ឬក៏ហានិភ័យផ្សេងៗ ទៅដល់មន្ត្រីអនុវត្តច្បាប់ផងដែរ»។
លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ទៀតថា «ដូច្នេះហើយអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវ ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក៏ដូចជាគោរពទៅតាមក្រមសីលធម៌ និងផ្សព្វផ្សាយនូវព័ត៌មានណា ដែលជាព័ត៌មានពិត និងមានប្រភពគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ ដែលទទួលព័ត៌មានពីអង្គភាពសារព័ត៌មា នរបស់ ខ្លួន»។
សូមជម្រាបថា ក្នុងលិខិតរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា តាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះ រាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មាន បានធានាគាំពារនូវសិទ្ធិ សេរីភាព ខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន នៅក្នុងក្របខណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យ នេះ អ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិ សេរីភាព ក្នុងការចុះយកព័ត៌មាន ការស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈ និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ដោយផ្អែកលើគោលការណ៍ច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ និងការ ទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ប្រភពដដែល បានឲ្យដឹងបន្តថា ផ្អែកលើមូលដ្ឋានគតិយុត្ត អ្នកសារព័ត៌មានពុំមានសិទ្ធិ ចូលទៅក្នុង តំបន់ហាម ឃាត់ ដោយអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើឲ្យរំខានប៉ះ ពាល់ដល់ការអនុវត្ត ការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់ កិច្ច ប្រតិ បត្តិការ របស់អាជ្ញាធរមានសមត្ថកិច្ច ឬការផ្សព្វផ្សាយព័ត៌មាន មិនពិត ញុះញុង់ឲ្យប្រឆាំងនឹងការអនុវត្តការងារ របស់អាជ្ញាធរសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យមហាជនមានការភាន់ ច្រលំ លើការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
នៅក្នុងលិខិតរបស់ក្រសួងព័ត៌មានដដែល បានបញ្ជាក់ថា «ប្រសិនបើអ្នកសារព័ត៌មាន ធ្វើសកម្មភាព ដោយគ្មាន វិជ្ជា ជីវៈ ល្មើសច្បាប់ ដែលធ្វើឲ្យរំខានការអនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់ កិច្ចប្រតិបត្តិការ របស់ អាជ្ញា ធរសមត្ថកិច្ច ឬផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឲ្យប្រឆាំងនឹងការ អនុ វត្តការងារតាមផ្លូវច្បាប់ របស់អាជ្ញាធរមាន សមត្ថកិច្ច ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ បុគ្គលណាម្នាក់ បុគ្គល ឬស្ថាប័ននោះ អាចចាត់វិធានការតាម នីតិវិធី ច្បាប់ ដោយពុំចំាបាច់ស្នើសុំគោលការណ៍ ចាត់វិធានការពីក្រសួងព័ត៌មានឡើយ»៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន