ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា និងអូស្ត្រាលី ជួបសន្ទនាតាមទូរសព្ទ ស្តីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានពិភាក្សាការងារតាមទូរសព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស។
នៅក្នុងកិច្ចសន្ទនានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់មួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកស្រី ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្ត្រាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្ត្រាលី លោកស្រីបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកស្រី ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរប្រទេសអូស្ត្រាលី ដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ លោកបានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្ត្រាលីជាមួយ អាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យសម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូល ដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។
លោកបានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ លើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្ត្រី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។
ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានា ដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកច្ឆន្ទប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
លោកក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍អាស៊ាន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី