Connect with us

ព័ត៌មានជាតិ

ទីតាំងខារ៉ាអូខេយីហោ «ហ្គោល» លួចបើកទទួលភ្ញៀវចូលច្រៀង មិនខ្លាចឆ្លងកូវីដ ត្រូវអាជ្ញាធរចុះទៅ​បិទទាំង​កណ្ដាល​យប់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ហ្គោល» ក្រោ​យពីហាងមួយនេះ លួចបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយ ដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ថែមទៀត។

សេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មាន ដែលបានចុះទៅដល់កន្លែងហេតុកើត បានឲ្យដឹងថា ការចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងនេះ ធ្វើឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលព្រហស្បត្តិ៍ ទី៨ ខែកក្តដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះបង្រ្កាបនេះក៏ព្រោះតែ ទីតាំងខារ៉ាអូខេយីហោ «ហ្គោល»មួយនេះ លួចបើកទទួលភ្ញៀវជាច្រើននាក់ ចូលច្រៀងលេងយ៉ាងសប្បាយ ដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាផ្គើនសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបបិទទីតាំងនេះជាបណ្ណោះអាសន្នតែម្ដង។

កម្លាំងនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន២៦នាក់។ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីបន្តចំណាត់ការទៅតាមនិតិវិធីច្បាប់។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានសម្រេចអនុញាតិឲ្យបើកដំណើរការអាជីវកម្មមួយ​ចំ​នួ​នឡើងងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក៏ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិន​ទាន់​បានអនុញ្ញាតនៅឡើយទេ នូវអាជីវកម្ម និងមុខរបរ ដែលមានហានិភ័យមួយចំនួនដូចជា៖ ខារ៉ាអូខេ, បៀហ្គា​ឌិន, និងកន្លែងហាត់ប្រាណជាដើម ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម