ព័ត៌មានជាតិ
អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញក្ដីបារម្ភបន្ទាប់ពីយុវជនខ្មែរមួយចំនួន ឆាប់មានប្រតិកម្មរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក
អ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញក្ដីបារម្ភបន្ទាប់ពីមានយុវជន និងមនុស្សពេញវ័យមួយចំនួន បញ្ចេញប្រតិកម្មរិះគន់តាមអារម្មណ៍ ឬតាមការនឹកឃើញរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើបញ្ហាអ្វីមួយ ដោយពុំទទួលបានព័ត៌មានគ្រប់គ្រាន់នៅឡើយ។
ការបង្ហាញក្ដីបារម្ភនេះ គ្រាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ជាពិសេសយុវជន បានបញ្ចេញប្រតិកម្មរិះគន់ ឬជេរប្រមាថភ្លាមៗទៅលើព័ត៌មាន ឬដំណឹងអ្វីមួយ ដោយពុំបានសិក្សាស្វែងយល់ ឬស្វែងព័ត៌មានបន្ថែមមុនពេលរិះគន់នោះឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកលេងហ្វេសប៊ុក បានរិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដកហូតសត្វតោ១ក្បាលពីជនជាតិចិន ទៅព្រលែងនៅភ្នំតាម៉ៅ និងព័ត៌មានដែលថា ប្រទេសថៃសាងសង់អង្គរវត្តចម្លងពីប្រទេសកម្ពុជាជាដើម ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមបើកការរិះគន់ភ្លាមៗ ខណៈដែលមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ។
យ៉ាងណាក៏ដោយលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានឲ្យដឹងថា ការរិះគន់គឺអាចកើតឡើងស្ទើរតែគ្រប់មនុស្ស ដែលខ្លះជាលក្ខណៈបុគ្គល លក្ខណៈគ្រួសារ ស្ថាប័ន សហគមន៍ ឬប្រទេសមួយជាដើម តែងតែមានជំហររិះគន់ទៅលើបញ្ហាអ្វីមួយជារឿងធម្មតា។ លោកថា ការរិះគន់គឺមាន៣ប្រភេទ៖ ទី១.ការរិះគន់ ដើម្បីស្ថាបនា, ទី២. ការរិះគន់ដើម្បីឈ្នានីស ឬក៏បំផ្លាញអ្នកដទៃ, និងទី៣. ការរិះគន់ដើម្បីរិះគន់ ឬហៅថា ការរិះគន់តាមអារម្មណ៍ រិះគន់តាមការនឹកឃើញ។

ឆ្លើយតបនឹងសំណួរថាតើ ហេតុអ្វីបានជាយុវជនយើងមួយចំនួន រិះគន់ទៅលើបញ្ហាអ្វីមួយ ដោយប្រញ៉ាប់ប្រញាល់ ឬហៅថា ការរិះគន់តាមអារម្មណ៍ ដែលពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះ? លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ប្រាប់អ្នកកាសែតកម្ពុជាថ្មីថា បញ្ហានេះវាឆ្លុះបញ្ចាំងឲ្យឃើញថា មនុស្សមួយចំនួននាពេលបច្ចុប្បន្ននេះ រិះគន់ទៅលើបញ្ហាអ្វីមួយទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ដែលនេះបង្ហាញឲ្យឃើញថា យុវជន ក៏ដូចជាមនុស្សពេញវ័យមួយចំនួនដែរ គឺមិនមានជំនាញ មិនមានចំណេះ ឬក៏បទពិសោធន៍ខាងការរិះគន់នោះទេ។
អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានថ្លែងបន្តថា «ការរិះគន់ដូចខ្ញុំលើអញ្ចឹង វាអាចថា រិះគន់ទី១ ទី២ ទី៣ហ្នឹង ច្រើនចូលទី៣ហ្នឹង គឺរិះគន់ដើម្បីរិះគន់ រិះគន់តាមអារម្មណ៍ ឬការរិះគន់តាមការនឹកឃើញ នេះគឺជាការចំណុចមួយ គួរឲ្យព្រួយបារម្ភណាស់ នៅពេលដែលមនុស្សមើលឃើញតែមួយជ្រុងតូច ឬក៏ព័ត៌មានប្រមូលបានមិនពេញលេញ ហើយក៏ចាប់ផ្ដើមរិះគន់….! ពេលរិះគន់បែបនេះ វាអាចធ្វើឲ្យទី១ ធ្វើឲ្យខ្លួនឯងហ្នឹងបាត់បង់តំលៃ នៅពេលដែលព័ត៌មានពេញលេញ ហេតុការណ៍ពេញលេញត្រូវបានបង្ហាញ វាត្រូវការរិះគន់របស់យើង វាអត់ត្រូវទាល់តែសោះ ហើយអត់ត្រូវវាធ្វើឲ្យមហាជន និងសង្គមគេមើលមកយើងថា យើងជាមនុស្សរាក់កំភែល ជាមនុស្សដែលអត់សូវយល់ដឹងជ្រៅជ្រះ»។
លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងបន្ថែមថា នៅពេលមានការរិះគន់អ្វីមួយ ដោយពុំទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អាចនឹងធ្វើឲ្យអ្នកដែលត្រូវបានគេរិះគន់នោះ រងការឈឺចាប់ រងភាពអាម៉ាស់ដោយសារតែគេរិះគន់ មិនបានត្រឹមត្រូវ។
ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការរិះគន់នេះថា «ជាទស្សនៈផ្ទាល់ខ្លួនទេកន្លងមក យើងឃើញថាមានមតិច្រើន ដែលខ្មែរយើងមានទស្សនវិទ្យាមួយថា “មើលឲ្យជាក់ ចាំញាក់ចិញ្ចើម” ហ្នឹងមានន័យថា មើលឲ្យជាក់សិនចាំញាក់ចិញ្ចើម ថាតើញាក់ចិញ្ចើម ក្នុងន័យថា ប្រសិនបើក្នុងន័យត្រង់ណា៎ យើងញាក់ទៅថាតើ គេចូលចិត្តយើងអត់? គេចង់រាប់អានយើងអត់? គេស្រលាញ់យើងអត់? ក្នុងន័យត្រង់អញ្ចឹងទៅ ប៉ុន្តែក្នុងន័យធៀបទៅ មានន័យថា ត្រូវតែប្រមូលព័ត៌មានឲ្យបានច្រើន ហើយព័ត៌មានហ្នឹងប្រភពឲ្យច្បាស់លាស់ ហើយក្រោយទទួលបានព័ត៌មានគ្រប់គ្រាន់ហើយ វាត្រូវដឹងរបៀបនៃការវិភាគ ការវាយតំលៃ ការវិនិច្ឆ័យទិន្នន័យ ឬព័ត៌មាន ដែលយើងទទួលបានហ្នឹងមកទៀត បូកផ្សំនឹងបទពិសោធន៍អ្វីផ្សេងៗទៀត ចាំយើងធ្វើការសន្និដ្ឋានមួយ ហើយការសន្និដ្ឋានហ្នឹង ទោះបីជាយើងទទួលបានព័ត៌មានគ្រប់គ្រាន់ក៏ដោយ ប្រសិនបើយើងពុំចេះរបៀបវិភាគ វាយតំលៃព័ត៌មានហ្នឹង ក៏ការវាយតំលៃរបស់យើងមិនសូវត្រូវផង ចុះទម្រាំយើងមិនទទួលបានព័ត៌មានគ្រប់គ្រាន់ គ្រាន់តែមើលមួយជ្រុង ឬក៏លឺតែបន្តិចបន្ទួចហ្នឹង ហើយយើងសន្និដ្ឋាន នេះធ្វើឲ្យមានបញ្ហាច្រើនទៅដល់ខ្លួនគាត់ និងទៅដល់សង្គមវាច្របូកច្របល់»។
អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានលើកឡើងទៀតថា «អញ្ចឹងទេ សម្រាប់ខ្ញុំទេ ខ្ញុំថាទី១គាត់កុំប្រញ៉ាប់ប្រញាល់ កុំរហ័សពេក ត្រូវប្រមូលព័ត៌មានហ្នឹងឲ្យគ្រប់ជ្រុង ឧបមាថាទាក់ទងនឹងរឿង ដូចលោកបានលើកឡើង ទាក់ទងរឿងសាងសង់ប្រាសាទអញ្ចឹងទៅ ចឹងទី១ យើងស្ដាប់ចុះពីបងប្អូនយើង ពីមហាជនយើងថា គាត់បានឃើញអីអញ្ចឹងទៅ ទី២ព័ត៌មានផ្លូវការវាគួរតែក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ឬក៏អាចថាដោយក្រសួងការបរទេស ចឹងតាមខ្សែបណ្ដោយ ឬក៏ស្ថានទូត ស្ថានកុងស៊ុលយើង ដែលនៅប្រទេសថៃ ខេត្តនៅក្បែរហ្នឹងជាដើម ប្រមូលព័ត៌មានឲ្យអស់ ចាំយើងប្រតិកម្ម»។
ទោះជាបែបណាក្ដីលោកបណ្ឌិត ឈត ប៊ុនថង បានជូនជាយោបល់ថា ប្រសិនបើនរណាម្នាក់ចង់រិះគន់ ឬប្រតិកម្មអ្វីមួយភ្លាមៗ គឺអាចប្រតិកម្ម ឬរិះគន់ក្នុងន័យថា អាចបែបនេះ ឬអាចបែបនោះ ដោយមិនត្រូវលើកឡើង ជារបៀបចោទប្រកាន់នោះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី