ព័ត៌មានជាតិ
អំណោយផ្ទះមនុស្សធម៌ទី២ នៅខេត្តកំពង់ចាម ត្រូវបានផ្តល់ជូនគ្រួសារ មានជីវភាពក្រីក្រ
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនជនមានពិការភាព និងមានជីវភាពក្រីក្រម្នាក់ឈ្មោះ ឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំ រស់នៅ ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមជម្រាបថា លោក ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី២នាក់ក្នុងបន្ទុក។ ដើមឡើយបុរសរូបនេះ មានមុខរបរជាជាងផ្សារដែក។ ជាអកុសលកាលពី២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលឲ្យជើងទាំង២គាត់រលាករលួយ ហើយទីបំផុតត្រូវកាត់ចោលក្រោមជង្គង់ ធ្លាក់ខ្លួនពិការ និងបាត់បង់សមត្ថភាពពលកម្ម រហូតមក។
ក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋ តាមរយៈប័ណ្ណក្រីក្រ១, អម្រែកមេគ្រួសារ បានធ្លាក់មកលើស្ត្រីជាប្រពន្ធ ដែលធ្លាប់ជាមេផ្ទះ បង្ខំចិត្តដើរស៊ីឈ្នួលជម្រះស្មៅ ឬមើលថែចំការតាមរដូវ ដើម្បីបានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តីពិការ និងកូនស្រីទាំង២។ ដោយលទ្ធភាពខ្សត់ខ្សោយ, គ្រួសារនេះរស់នៅក្នុងកូនខ្ទមទ្រុឌទ្រោម ដែលបិទបាំងដោយដែកសង្កសី, ស្លឹកចាស់ៗ ដែលប្រជាពលរដ្ឋអ្នកជិតខាងផ្តល់ឲ្យ។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនលោក ឆែក ភ័ក្ត្រ និងគ្រួសារ សម្រាប់ស្នាក់នៅតទៅមុខទៀត។
លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារប្រតិបត្តិ និងវាយតម្លៃនៃកម្មវិធី ផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានឲ្យដឹងថា សម្រាប់ផ្ទះមនុស្សធម៌១ខ្នងនេះ ត្រូវចំណាយទឹកប្រាក់ចំនួន៩,៨០០,០០០រៀល។ ក្នុងនោះសាខាបដិភាគចំនួន១,០០០,០០០រៀល, លោកអ៊ុន ចាន់ដា ឧបត្ថម្ភ១,០០០,០០០រៀល, ព្រះមេគណខេត្ត ចំនួន១,០០០,០០០រៀល, ក្រៅពីនោះជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី។
លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឲ្យបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសឲ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវកូវីដ-១៩ នេះ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារលោក ឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គក្រ, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី១កេស, ឃីត១សម្រាប់, អាវយឺត៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា២០០,០០០រៀល។
ចំណែកប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន១៣គ្រួសារផ្សេងទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង១គ្រួសារ រួមមាន៖ អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ៕ (ដោយ)៖ ហុង ម៉េងហៀ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ