Connect with us

ព័ត៌មានជាតិ

ជិត ៥០ ភាគរយ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅចិន ដោយសារ​ទៅ​អឺរ៉ុប​ចាយ​ថ្លៃ​​ដឹក​ជញ្ជូនខ្ពស់

បានផុស

នៅ

ភ្នំពេញ៖ កង្វះកុងទឺន័រនិងថ្លៃដឹកជញ្ជូនខ្ពស់សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បានបង្ខំចិត្តធ្វើ​ពិពិធកម្ម​ទីផ្សារ​អង្ករ​របស់ខ្លួនឡើងវិញ ដោយផ្តោតទៅលើទីផ្សារក្នុងប្រទេសចិន ហុងកុង ម៉ាកាវនិងទីផ្សារក្នុងតំបន់អាស៊ានដែលអំណោយផលក្នុងការដឹកជញ្ជូន។

ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នេះ​ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពីការនាំចេញ ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជាគំហុក​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ នេះបើតាមការលើកឡើងរបស់ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នាថ្ងៃទី ៨ ខែកក្កដា ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុង សារ៉ន បានឱ្យដឹងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹងធ្វើ​ពិពិធកម្ម​ទីផ្សារ​អង្ករ​ ដោយ​ផ្តោតលើ​ទីផ្សារ​ប្រទេស​ចិន ទីផ្សារហុងកុង ,ទីផ្សារម៉ាកាវ និងទីផ្សា ក្នុង​បណ្តា​ប្រទេស​អាស៊ាន ។ លោកបានឲ្យដឹងថា ជំងឺ​កូវីដបានជះឥទ្ធិពលខ្លាំងលើការដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក និង បណ្តាប្រទេសដៃ គូរពាណិជ្ជកម្មកម្ពុជា ។

លោក សុង សារ៉ន មានប្រសាសន៍ថា៖«ពិតហើយគឺនៅក្នុងពេល​កូវីដនេះ យើងមានបញ្ហាប្រឈមខ្លាំងទៅលើការដឹកជញ្ជូនក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ដើម្បីសម្រួលដល់ការលំបាកនេះ ទីផ្សារក្នុងតំបន់អាស៊ីជាពិសេសទីផ្សារចិន ហុងកុង ម៉ាកាវនិងទីផ្សារអាស៊ានគឺមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។ ហេតុដូចនេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏ដូចជាក្រសួងពាណិជ្ជកម្ម បានព្យាយាមជម្រុញទីផ្សារនៅក្នុងតំបន់ពិសេសគឺទីផ្សារក្នុងប្រទេសចិនតែម្ដង» ។

លោក សារ៉ន បានបន្តថា ប្រទេសចិនគឺជាទីផ្សារអង្ករដ៏ល្អរបស់កម្ពុជាដោយ​ឈានមុខគេក្នុងការបញ្ជាទិញអង្ករពីកម្ពុជាដែលមានចំនួនជាង ៥0 ភាគរយនៃចំនួនអង្ករនាំចេញក្នុងរយៈពេល ៦ ខែមកនេះ។ ចំណែកទីផ្សារអឺរ៉ុបមានបញ្ហាខ្លាំងលើការដឹកជញ្ជូនដែលមានការឡើងថ្លៃហួសហេតុពេក។

ឆ្នាំ២០២០ កម្ពុជាមានបញ្ហាប្រឈមជាច្រើន ជាមួយនឹងការនាំចេញស្រូវអង្ករដោយបញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយ ចំនួនលិចលង់និងទី៣ គឺបញ្ហាការដឹកជញ្ជូនដែលជាបញ្ហាធំជាងគេ។ កម្ពុជាមានបញ្ហាកកស្ទះនៃការនាំចេញអង្ករនៅអំឡុងឆមាសទី ៤ ឆ្នាំ២០២០ ដោយសារពុំមានកុងតឺន័រគ្រប់គ្រាន់ឬអាចហៅបានថា មានវិបត្តិដឹកជញ្ជូនផ្លូវសមុទ្រហើយតម្លៃនៃការដឹកជញ្ជូន មានការឡើងថ្លៃរហូតដល់ ៥ ដង។ ជាធម្មតាតម្លៃដឹកជញ្ជូន អង្ករពីកម្ពុជាទៅចិនចំណាយត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឡើងថ្លៃរហូតដល់៥០០ដុល្លារទៅ ៦០០ដុល្លារ។ ចំណែកការដឹកជញ្ជូនទៅខាងអឺរ៉ុប ធម្មតាតម្លៃដឹកជញ្ជូនត្រឹមតែ១ពាន់ដុល្លារ ប៉ុន្តែឥឡូវឡើងដល់៤ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ ២០ហ្វីត។ ក្រៅពីបញ្ហាទាំង៣នេះក៏មានបញ្ហាផ្សេងៗ ទៀតដែរ ដូចជាបញ្ហានៃការប្រកួតប្រជែងទីផ្សារអង្ករនិងតម្លៃអង្ករជាដើម ប៉ុន្តែបញ្ហាជាចម្បងនោះគឺការកកស្ទះនៃការដឹកជញ្ជូននិងតម្លៃថ្លៃហួសហេតុពេក។

លោក សុង សារ៉ន បានឲ្យដឹងថា ទីផ្សារនៅសហគមអឺរ៉ុប អូស្រ្តាលី សហរដ្ឋអាមេរិក និងទីផ្សារផ្សេងៗទៀតសុទ្ធតែជាទីផ្សារដែលប៉ះពាល់ខ្លាំងក្នុងការផ្គត់ផ្គង់អង្ករពីកម្ពុជា ដោយសារតែការដឹកជញ្ជូនក្នុងរយៈពេលយូរ និងមានចម្ងាយឆ្ងាយរួមទាំងការដឹកជញ្ជូនមានតម្លៃថ្លៃ។ កត្តានេះបណ្តាលឱ្យប្រទេសជាដៃគូពិបាក ក្នុងការបញ្ជាទិញអង្ករពីកម្ពុជាហើយប្តូរទៅទិញពីប្រទេសផ្សេងទៀត។

បើតាមលោក សុង សារ៉ន បញ្ហាកង្វះកុងទឺន័រនេះបានកើតឡើងចាប់ពីខែកក្កដាឆ្នាំ២០២០មកម្ល៉េះ ហើយបន្តមកដល់បច្ចុប្បន្ន​នេះបញ្ហាកង្វះកុងទឺន័រ កាន់តែ​ធ្ងន់ធ្ងរដែលមិនធ្លាប់មាននៅក្នុងប្រវតិ្តសាស្រ្តនៃការដឹកជញ្ជូនរបស់កម្ពុជា។ បញ្ហាកង្វះកុងទឺន័របានធ្វើឱ្យកម្ពុជាខាតបង់ការនាំចេញអង្ករប្រមាណជា១០ម៉ឺនតោន ក្នុងការនាំចេញទៅទីផ្សារដែលនៅឆ្ងាយៗដូចជា អឺរ៉ុប សហរដ្ឋអាមេរិកជាដើម។

លោក សុង សារ៉ន បានឲ្យដឹងទៀតថា ចំពោះផែនការនៅក្នុងឆ្នាំ ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងនាំចេញអង្ករឱ្យបាន៨៥ម៉ឺនតោនទៅទីផ្សារអន្តរជាតិដូចជាចិន អាមេរិក និង អឺរ៉ុបជាដើម ក្រៅពីនេះក៏មានការបញ្ជាទិញពីប្រទេសមួយចំនួនទៀតដែរដូចជា ហុងកុង ម៉ាកាវ ជាដើម។

រាជរដ្ឋាភិបាល​កម្ពុជា​បានកំពុង​ពន្លឿន​ការចរចា​ជាមួយ​ភាគី​ចិន ​ឱ្យ​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា១០​ម៉ឺន​តោន​ទៀត ខណៈរាជ​រដ្ឋាភិបាល​រំពឹងថា​នឹងសម្រេចបាន​នៅ​ចុង​ឆ្នាំ​ ២០២១ នេះ​។ ​សព្វថ្ងៃ​ចិន​បាន​ផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ៤០ ​ម៉ឺន​តោន​ក្នុង​១ឆ្នាំតាំងពីឆ្នាំ ២០១៩ មក ។ ​

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជាបានឱ្យថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោនដោយមានតម្លៃជិត៥៣៩ លានដុល្លារកើនឡើង១១,៤០ ភាគរយបើធៀបនឹងឆ្នាំ២០១៩។ ក្រុមហ៊ុនកម្ពុជាចំនួន៧៦ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន៦០ប្រទេសនៅក្នុងឆ្នាំ ២០២០ ដោយប្រទេសចិនឈរនៅលំដាប់ទី១ ជាប្រទេសនាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ២៨៩ ៤៣៩ តោនស្មើ ៤១,៩ ភាគរយនៃការនាំចេញអង្ករសរុប។ រីឯទីផ្សារសហភាពអឺរ៉ុបឈរនៅលំដាប់ទី ២ ដោយមានបរិមាណ២០៣ ៧៩១ តោនស្មើនឹង ២៩,៥០ ភាគយ ។ ប្រទេស ៦ ក្នុងតំបន់អាស៊ាន ក៏បាននាំអង្ករពីកម្ពុជា ចំនួន៨៦,៨៩៩ តោនដែលស្មើនឹង១២, ៥៨ ភាគរយ។ ក្រៅពីនោះមានប្រទេស២៩ផ្សេងទៀតនៅតំបន់ផ្សេងៗក៏បានរួមចំណែកនាំចូលអង្ករពីកម្ពុជាចំនួន ១១០,៧០០ តោនស្មើនឹង១៦,០២ ភាគរយ ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម