ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គិតត្រឹមថ្ងៃទី១៣ កក្កដា មន្ទីរបរិស្ថានបានផលិតក្តារមឈូស បានចំនួន៥១០ហើយ
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានតាមបណ្ដាខេត្តមួយចំនួនដែលមានឈើស្រាប់ បានផលិតក្តារមឈូសបានចំនួន៥១០ហើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃអង្គារនេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ ដោយអណោចអធមឡើយ» ក្រសួងបរិស្ថាន បានយកឈើដែលមន្ត្រីឧទ្យានុរក្សបង្ក្រាប រឹបអូសបានពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធ្វើក្តារមឈូសផ្តល់ជូនគណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ដាក់តម្កល់សពអ្នកជំងឺកូវីដ-១៩ ដែលបានទទួលមរណភាព។
លោក នេត្រ ភក្ត្រា បានឲ្យដឹងបន្តថា ក្រសួងបរិស្ថាន នឹងយកឈើសរុបប្រមាណ១៣៤៧ម៉ែត្រគូប ដែលរឹបអូសបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិពីឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ដើម្បីផលិតក្តារមឈូស។ លោកថា «តាមការប៉ាន់ស្មានជំហានដំបូង ឈើដែលស្ថិតក្នុងក្របខណ្ឌក្រសួងបរិស្ថាន អាចនឹងផលិតក្តារឈូសបានប្រមាណជាង១០០០មឈូស។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តចំនួន១២ ដែលមានឈើស្រាប់ បានផលិតក្តារមឈូស បានចំនួន៥១០ និងបានកំពុងបន្តការផលិតបន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ក្តារមឈូសដែលផលិតបាន ត្រូវបានប្រគល់ជូនអនុគណៈកម្មការគ្រប់គ្រងសពអ្នកជំងឺកូវីដ-១៩ ដើម្បីសម្របសម្រួល ចាត់ចែងនិងចែកចាយ ទៅដល់អនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដើម្បីប្រើប្រាស់ដាក់សពអ្នកជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ននេះ ក្តារមឈូសដែលផលិតបាន ត្រូវបានយកទៅប្រើប្រាស់ខ្លះៗហើយ។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន «នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយនេះគឺជាការរក្សាកិត្តិយស និងតម្លៃជាមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋខ្មែរ ហើយជាប្រពៃណីទំនៀមខ្មែ រក្នុងការគោរពចំពោះសព និងការជូនដំណើរជាចុងក្រោយចំពោះពលរដ្ឋអ្នកជំងឺកូវីដ-១៩ ដែលជាអកុលបានស្លាប់បាត់បង់ជីវិតក្នុងបរិបទ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ»។ ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានស្រង់ប្រសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីថា »ការរៀបចំឱ្យសព មានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព»៕ (ដោយ)៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី