ព័ត៌មានជាតិ
មន្ត្រីនគរបាលជិត៣០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការប្រើប្រាស់ «ឧបករណ៍តេស្តសំឡេងយានយន្ត» ដែលទិញពីប្រទេសចិន
ស្ថាប័នគរបាលជំនាញរបស់កម្ពុជា បានទិញឧបករណ៍តេស្តសំឡេងយានយន្តពីប្រទេសចិន ដើម្បីយកប្រើប្រាស់សម្រាប់រឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ជាពិសេសយានយន្ត ដែលបញ្ចេញសំឡេងម៉ាស៊ីនខ្លាំង ខុសពីបទដ្ឋានបច្ចេកទេស។
នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ប្រមាណ២៨២នាក់ មកពីនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានទទួលការបណ្ដុះបណ្ដាលតាមប្រព័ន្ធវីឌីអូ ស្តីពី ការប្រើប្រាស់ឧបករណ៍តេស្តសំឡេងយានយន្តនេះ ដោយបានការអញ្ជើញចូលរួមបើកវគ្គ ពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពជំនាញ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ ក្នុងការរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ជាពិសេសយានយន្ត ដែលបញ្ចេញសម្លេងម៉ាស៊ីនខ្លាំង ខុសពីបទដ្ឋានបច្ចេកទេស។
លោកស្រីវរសេនីយ៍ទោ លឹម សុជា អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា ឧបករណ៍តេស្តសំឡេងយានយន្តនេះ បានទិញមកពីប្រទេសចិន ក្រោយពីមន្ត្រីជំនាញបានសិក្សាឃើញថា ឧបករណ៍នេះអាចយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាន ហើយក៏មានតំលៃសមរម្យផងដែរ។
លោកស្រីវរសេនីយ៍ទោ លឹម សុជា បានឲ្យដឹងបន្តថា ជាជំហានដំបូង ស្ថាប័នគរបាលជំនាញរបស់កម្ពុជា បានបញ្ជាទិញឧបករណ៍តេស្តសំឡេងយានយន្តនេះ សម្រាប់យកមកប្រើប្រាស់នៅតាមបណ្ដា ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រហូតដល់អធិការដ្ឋាននគរបាលស្រុក-ខណ្ឌទូទាំងប្រទេស។ ចំពោះការអនុវត្ត ការប្រើប្រាស់ឧបករណ៍តេស្តសំឡេងយានយន្តនេះ គឺមិនទាន់មានគោលការណ៍ពីថ្នាក់ដឹកនាំនៅឡើយទេ ហើយពេលនេះគ្រាន់តែមានការរៀបចំវគ្គបណ្ដុះបណ្ដាល និងចែកសម្ភារៈតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកស្រីបានបញ្ជាក់ថា «ថ្ងៃនេះយើងគ្រាន់តែបើកវគ្គ ដល់បណ្ដាស្នងការរាជធានី-ខេត្ត ហើយហ្នឹងអធិការដ្ឋានស្រុក-ខណ្ឌទាំងអស់ទូទាំងប្រទេសហ្នឹង ដើម្បីគាត់បានចំណេះដឹង ទាក់ទងនឹងការប្រើប្រាស់ឧបករណ៍មួយនេះ យើងនឹងចែកជូនឧបករណ៍មួយនេះ ដើម្បីឲ្យគាត់យកទៅធ្វើតេស្ដ ហើយនឹងតំឡើងឧបករណ៍ហ្នឹងនេះ នៅក្នុងប្រូក្រាមទូរស័ព្ទដៃរបស់គាត់ ហើយនឹងបង្វឹកបន្ថែមដល់មន្ត្រីគោលដៅ ដែលគាត់រឹតបន្តឹងអនុវត្តច្បាប់ នៅតាមគោលដៅនីមួយៗហ្នឹងឲ្យគាត់ចេះច្បាស់សិន ហើយយើងរង់ចាំការណែនាំពីថ្នាក់ដឹកនាំ ពីព្រោះការអនុវត្តច្បាប់នីមួយៗ សុទ្ធតែមានសេចក្ដីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋ អញ្ចឹងយើងរង់ចាំមើលថ្នាក់ដឹកនាំ គាត់នឹងមានការជូនដំណឹងជាសាធារណៈ ដល់ប្រជាពលរដ្ឋអំពីការរឹតបន្តឹងជាមុនសិន ដែលគេហៅថា ការអប់រំផ្សព្វផ្សាយហ្នឹង ឲ្យគាត់ដឹងសិន មុននឹងយើងឈានទៅដល់ការរឹតបន្តឹងផ្ទាល់តែម្ដង»។
សូមជម្រាបថា ឧបករណ៍តេស្តសំឡេងយានយន្តនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ តែមន្ត្រីជំនាញមិនទាន់បញ្ជាក់លម្អិតថា ត្រូវប្រើប្រាស់ដោយរបៀបណា ឬប្រើប្រាស់នៅពេលណានៅឡើយទេ ដោយត្រូវរង់ចាំគោលការណ៍អនុវត្តពីថ្នាក់ដឹកនាំជាមុនសិន៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក